(ព្រះសីហនុ)៖ សមត្ថកិច្ចខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានទទួលព័ត៌មានថាមានករណីបង្ខាំងជនជាតិកូរ៉េ ស្ថិតនៅទីតាំង ផ្លូវបុរីកម្មករ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ប៉ុន្តែនៅពេលចុះស្រាវជ្រាវ គឺរកឃើញថាករណីនេះមិនមែនជាការបង្ខាំងទេ គឺគ្រាន់តែជាជម្លោះរឿងជួលទីតាំងប្រកបអាជីវកម្មបើកកាស៊ីណូ តែមិនបង់ប្រាក់ទាន់ពេលវេលាប៉ុណ្ណោះ។ នប់តាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។

ក្រោយពីការចុះដល់កន្លែងកើតហេតុ កម្លាំងជំនាញបានធ្វើការសួរនាំទៅលើជនជាតិកូរ៉េ ដែលមានការរាយការណ៍មកថាមានករណីបង្ខាំងនោះ។ តាមចម្លើយ បាបឲ្យដឹងថា ករណីនេះផ្តើមចេញពីភាគីជនជាតិកូរ៉េ បានជួលទីតាំងខាងលើសម្រាប់ប្រកបអាជីវកម្ម បើកកាស៊ីណូ (ចំពោះការបើកអាជីវកម្មកាស៉ីណូ នៅទីតាំងខាងលើ គឺពុំមានច្បាប់អនុញ្ញាតឡើយ)។

ភាគីអ្នកជួលដែលជាជនជាតិកូរ៉េឈ្មោះ YIM YOUNGUN ភេទប្រុស អាយុ៦០ឆ្នាំ។ ចំណែកភាគីម្ចាស់អគារឈ្មោះ CUI HAOWEN ភេទប្រុស ជនជាតិចិន កើតឆ្នាំ១៩៦៩។ ភាគីម្ចាស់អគារបានប្រគល់សិទ្ធឱ្យឈ្មោះ សោ ចិត្តនា ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៩៥។

ក្នុងកិច្ចសន្យាជួលអគារ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ គឺការបង់ ប្រាក់ឈ្នួលក្នុង១ខែ ចំនួន ១៥,០០០ដុល្លារ ដោយសន្យាបង់ថ្លៃប្រាក់ឈ្នួល ដោយមិនឱ្យលើសរយៈពេល ១០ថ្ងៃ ប្រសិនបើលើស គឺភាគីម្ចាស់ទីតាំងនឹងធ្វើការរំលាយកិច្ចសន្យាតែម្តង។ រហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ភាគីម្ចាស់អគារបានធ្វើលិខិតជូនដំណឹងទៅភាគីអ្នកជួលដែលជាជនជាតិកូរ៉េ អំពីការរំលាយកិច្ចសន្យាជួល ចេញដោយមេធាវី អ៉ឹង ហុកឆាយ អត្តលេខ១១៦៣។

ដោយរកប្រាក់បង់មិនទាន់ ភាគីអ្នកជួលដែលជាជនជាតិកូរ៉េ សុំធ្វើការពន្យារពេលបង់ប្រាក់ឈ្នួលរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដើម្បីរកប្រាក់បង់បន្តតែភាគីម្ចាស់ទីតាំងមិនឯកភាព ហើយបានប្រាប់ឱ្យភាគីអ្នកជួលដែលជាជនជាតិកូរ៉េ ចេញពីទីតាំងខាងលើ ដែលជាហេតុធ្វើឱ្យជនជាតិកូរ៉េមិនព្រមចេញ ហើយជនជាតិកូរ៉េ ក៏បានយកសោរចាក់ទ្វារពីខាងក្នុងដើម្បីកុំឱ្យមានការចេញចូល។ បន្ទាប់មកភាគីម្ចាស់ទីតាំងក៏បានយកសោរចាក់ពីខាងក្រៅបន្ថែមទៀត។

ក្រោយមកភាគីអ្នកជួលដែលជាជនជាតិកូរ៉េ បានចាក់សោរយកចេញ (សោរពីខាងក្នុង) ហើយក៏មានសារព័ត៌មានមកដល់ហើយធ្វើការថតបង្ហោះតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ភាគីអ្នកជួលដែលជាជនជាតិកូរ៉េ សុំបង់ប្រាក់ឈ្នួលបន្តទៅឱ្យម្ចាស់ទីតាំង ដើម្បីធ្វើអាជីវកម្មបន្ត។ ប៉ុន្តែ ភាគីម្ចាស់អគារ មិនព្រមទទួលយកសំណូមពរ របស់ភាគីអ្នកជួលឡើយ គឺសូមឱ្យភាគីអ្នកជួលរើចេញពីអគាររបស់ខ្លួន៕