(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងការប្រកាសទទួលស្គាល់ លោក សុខ សំអាង ជាប្រធានក្រុមការងារយុវជនគណបក្សក្រសួងសុខាភិបាល។

ពិធីប្រកាសទទួលស្គាល់ដែលបានធ្វើឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីលោក សុខ សំអាង ត្រូវបានគណៈអចិន្ដ្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សម្រេចចាត់តាំងលោក ជាសមាជិកគណៈកម្មាធិការគណបក្សក្រសួង ជាសមាជិកយុវជនគណបក្សប្រជាជនថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សក្រសួងសុខាភិបាល កាលពីដើមខែមករា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោក សុខ សំអាង បានធ្វើការថ្លែងអំណរគុណ និងបានប្ដេជ្ញាចិត្ដចំនួន ៥ចំណុច ជូនចំពោះថ្នាក់ដឹកនាំគណៈអចិន្ដ្រៃគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល និងក្រុមការងារយុវជនគណបក្សផងដែរ។

ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងកោតសរសើរ ចំពោះស្នាដៃក៏ដូចជាការខិតខំប្រឹងប្រែងរបស់លោក សុខ សំអាង និងយុវជនគណបក្សទាំងអស់ ដែលជាទំពាំងស្នងឬស្សី និងជាអ្នកបន្ដវេនទៅថ្ងៃខាងមុខដ៏រឹងមាំ។

លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា «យុវជនយើងទាំងអស់ទទួលបាននូវសិទ្ធសេរីភាព និងការប្រកបមុខរបរវិជ្ជាជីវៈដោយសមរម្យ និងមានពេលវេលាគ្រប់គ្រាន់ ដើម្បីពង្រីកវិជ្ជាជីវៈរបស់ខ្លួន ជាពិសេសនៅក្នុងវិស័យសុខាភិបាល ។នេះដោយមានការដឹកនាំដ៏ឆ្នើម និងរឹងមាំ របស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសមានយើងមានសុខសន្ដិភាព និងស្ថេរភាពនយោបាយ»

លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជន បានយកចិត្ដទុកដាក់ខ្ពស់ក្នុងវិស័យសុខាភិបាល ជាពិសេស លើយុវជន និងស្ដ្រី។
លើសពីនោះ តាមការណែនាំរបស់សម្ដេចតេជោ គឺត្រូវផ្ដោតយកចិត្ដទុកខ្ពស់លើសុខភាពរបស់ប្រជាជន ដូច្នេះការខិតខំរបស់ក្រុមការងារគ្រូពេទ្យយើង បានធ្វើឱ្យប្រជាពលរដ្ឋរួចផុតពីគ្រោះនៃមរណៈភាពនៃជំងឺផ្សេងៗ ពិសេសជំងឺកូវីដ១៩។

ជាគ្រូពេទ្យ ត្រូវមានតែវិជ្ជាជីវៈ និងគុណធម៌ ដែលធ្វើឱ្យវិស័យសុខាភិបាល កាន់តែរីកចម្រើនជាបន្ដបន្ទាប់ ហើយត្រូវរួមគ្នាពង្រីកសេវាសុខាភិបាលរបស់យើងដោយផ្អែកលើការគ្របដណ្ដប់ធ្វើយ៉ាងណា កុំឱ្យប្រជាពលរដ្ឋយើងណាម្នាក់ ដែលមិនបានដឹង និងទទួលសេវាសុខាភិបាលរបស់យើងឱ្យសោះ។ ពិសេសត្រូវចុះជួបជាមួយប្រជាពលរដ្ឋ អប់រំ ការការពារជំងឺឆ្លង និងអនាម័យ ការលើកទឹកចិត្ដ និងផ្ដល់ឱសថជូនដល់ពួកគាត់ជាដើម។នេះតាមការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យ។

ឆ្លៀតក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏បានលើកទឹកចិត្ដដល់សមាជិកទាំងអស់ ចូលរួមសាមគ្គីគ្នា ដើម្បីបន្ដកិច្ចការរងារទៅមុខទៀត ជាពិសេសការជួបប្រាស្រ័យជាមួយប្រជាជន ក៏ដូចជាធ្វើឱ្យប្រជាជនយល់ដឹងពីសុខភាពទូទៅ ដែលយើងត្រូវតែមានកាតព្វកិច្ចថែទាំសុខភាពជូនពួកគាត់៕