(ប៉ៃលិន)៖ លោកឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន យោធភូមិភាគទី៥ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានដឹកនាំក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៦ ប្រភេទ SINOVAC ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនកម្លាំងទ័ពជួរមុខ។

លោកឧត្តមសេនីយ៍ត្រី កែម អនុជ បានថ្លែងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៦ នាពេលនេះ បាននឹងកំពុងតែប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតដល់យោធិន និងគ្រួសារ យោធិនម្នាក់ៗទទួលវ៉ាក់សាំងការពារ ការរីករាលដាល់នៃជំងឺកូវីដ១៩ នេះគ្រប់ៗគ្នា។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី កែម អនុជ បានលើកឡើងថា យោធិនគ្រប់រូបបានយល់ដឹងអំពីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងបានយកចិត្ដទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួនបានល្អ និងមានការប្រុងប្រយ័ត្នខ្ពស់ អនុវត្តន៍តាមវិធានការ ក្រសួងសុខាភិបាល ពិសេសអនុវត្តន៍តាមវិធានការ ៣កុំ និង៣ការពារ ដែលជាវិធានការដ៏មានសារៈសំខាន់ណាស់ចំពោះខ្លួនក្រុមគ្រួសារ អង្គភាព និងសង្គមជាតិយើង ដើម្បីជៀសផុតពីមេរោគរាតត្បាតដ៏កាចសាហាវនេះ។

លោកមេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងអង្គភាពតំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានសំដែងនូវសេចក្តីសប្បាយរីករាយយ៉ាងខ្លាំង និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្តចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃនៅក្នុងកាលៈទេសៈដ៏លំបាកនេះ សម្ដេចទាំងទ្វេរ បានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងទ័ពជួរមុខ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ៕