(ត្បូងឃ្មុំ)៖ លោក រ័ត្ន វិរៈ អនុប្រធាន គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ និងលោក ខ្វៃ អាទិត្យា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ រួមទាំងក្រុមការងារ បានចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋ១៥គ្រួសារ នៅភូមិអ្នកតាទ្វារ ភូមិជ័យសោភ័ណ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោក រ័ត្ន វិរៈ បានលើកឡើងពីការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ក្នុងមូលដ្ឋានស្រុកអូររាំងឪ ក្នុងនោះឃុំព្រះធាតុក៏បានប្រែក្លាយផ្លូវដែលលំបាកក្នុងការធ្វើដំណើរ ឲ្យទៅជាផ្លូវបេតុងជាច្រើនខ្សែ ហើយនឹងបន្តជួសជុល កសាងជាបន្តបន្ទាប់ទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជាជាអ្នកដឹកនាំ។

លោកក៏បានផ្តាំផ្ញើឲ្យបងប្អូនសូមចូលរួមថែរក្សាសុខសន្តិភាពដែលកម្ពុជាកំពុងដូចពេលបច្ចុប្បន្ន ព្រោះរយៈពេលជាង៤០ឆ្នាំកន្លងមកនេះកម្ពុជាមានការរីកចម្រើនអភិវឌ្ឍលើគ្រប់វិស័យ សម្បូរទៅដោយធនធានមនុស្ស និងមានភាពស្មើមុខមាត់លើឆាកជាតិ-អន្តរជាតិ។

ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ បានអញ្ជើញចុះពិនិត្យមើលការជួសជុលផ្លូវនៅក្នុងមូលដ្ឋាន ដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឃុំព្រះធាតុ និងបង្កលក្ខណៈដល់ការដឹកជញ្ជូនកសិផលផងដែរ។

នៅថ្ងៃដដែលនេះដែរ លោក ខ្វៃ អាទិត្យា បានដឹកនាំក្រុមការងារនាយកដ្ឋានព័ត៌មានភូមិសាស្រ្តបរិស្ដាន ក្រសួងបរិស្ថាន ចុះជួយប្រជាពលរដ្ឋតាមខ្នងផ្ទះ និងផ្តល់គ្រឿងឧបភគបរិភោគ និងថវិកា ចំនួន៣ គ្រួសារ នៅភូមិជ័យសោភ័ណ ដែលជួបការលំបាក ខ្វះខាតផ្ទះសម្បែងនិងមានកូន៧នាក់ក្នុងបន្ទុកចំនួន ១គ្រួសារ គ្រួសារមានជំងឺ ១គ្រួសារ និងគ្រួសារទទួលរងគ្រោះ អគ្គីភ័យ កាលពេលកន្លងទៅ ចំនួន១គ្រួសារ៕