(ភ្នំពេញ)៖ លោក វ៉ា ថន អភិបាលខេត្ដក្រចេះ បានលើកឡើងថា ខេត្តក្រចេះ មានសក្តានុពលលើវិស័យធនធានធម្មជាតិ រ៉ែថ្មក្រានីត ស្ថិតក្នុងភូមិសាស្ត្រស្រុកស្នួល ស្រុកចិត្របុរី និងស្រុកសំបូរ ហើយបច្ចុប្បន្នខេត្តមានក្រុមហ៊ុន សហគ្រាស និងអាជីវករ ដែលធ្វើការរុករករ៉េចំនួន៦១ក្រុមហ៊ុន ស្មើនឹង៦៥អាជ្ញាប័ណ្ណ។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្តក្រចេះ» នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ លោក វ៉ា ថន បានបញ្ជាក់ថា ក្រុមហ៊ុនទាំង៦១នោះ រួមមាន៖ ក្រុមហ៊ុនសិក្សាស្រាវជ្រាវរ៉ែលោហៈ ៥ក្រុមហ៊ុន ស្មើនឹង៦អាជ្ញាប័ណ្ណ, ក្រុមហ៊ុនអាជីវកម្មរ៉ែមាស ១ក្រុមហ៊ុន ស្មើនឹង១អាជ្ញាប័ណ្ណ, ក្រុមហ៊ុនអាជីវកម្មថ្មក្រានីតអណ្ដូងរ៉ែបើក និងការដ្ឋានវាយថ្មមាន២៥ក្រុមហ៊ុន ស្មើនឹង២៨អាជ្ញាប័ណ្ណ។ ក្រុមហ៊ុន និងអាជីវករធ្វើអាជីវកម្មក្រូស ខ្សាច់ ថ្មសំណង់ចំនួន៨ក្រុមហ៊ុន ស្មើនឹង ៨អាជ្ញាប័ណ្ណ។ អាជីវករ ធ្វើអាជីវកម្មជីកដីចល័តចំនួន ២២អាជីវករ ស្មើនឹង២២អាជ្ញាប័ណ្ណ។

លោកអភិបាលខេត្តបានបន្ដទៀតថា ជាការចាប់អារម្មណ៍ក្រុមហ៊ុនអាជីវកម្មរ៉ែមាស ១កន្លែង ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ វិនិយោគិនមកពីសាធារណរដ្ឋប្រជាមានិតចិន សម្រេចបានការចម្រាញ់មាសសុទ្ធចាប់ពីខែតុលា ឆ្នាំ២០២២ រហូតមកដល់ខែមករា ឆ្នាំ២០២៣នេះ បានចំនួន៦៧.៥៣គីឡូក្រាម។

ក្នុងខេត្តក្រចេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញអាជ្ញាប័ណ្ណឲ្យអ្នកចែកចាយអគ្គិសនី ៩អាជ្ញាប័ណ្ណ រួមមាន៖ អគ្គិសនីក្រចេះ EDC ១អាជ្ញាប័ណ្ណ ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់អគ្គិសនីកម្ពុជា និងអគ្គិសនីឯកជនមាន ៨អាជ្ញាប័ណ្ណ ត្រូវបានគ្របដណ្តប់លើភូមិចំនួន ២៧៩ភូមិ ស្មើនឹង៨៥,៣២% នៃភូមិរដ្ឋបាលសរុបចំនួន៣២៧ភូមិទូទាំងខេត្ត ដោយដំណើរការ ២៤ម៉ោង៕