(ព្រះសីហនុ)៖ បន្ទាប់ពីទទួល​បានអំណោយ​ជាសម្ភារពី​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ កងប្រតិបត្តិការរុករក និងសង្រ្គោះលេខ៧១១ នៃ​កងពលតូចលេខ៧០ បានរៀបចំការហ្វឹកហ្វឺន​ជំនាញ​មុជទឹករយៈពេលមួយសប្តាហ៍ ដើម្បី​ពង្រឹងសមត្ថភាពជួយសង្គ្រោះជនរងគ្រោះក្នុងផ្ទៃទឹក ខណៈលំហាត់ហ្វឹកហ្វឺន​នេះធ្វើ​ឡើង​នៅទីតាំង​ឆ្នេរព្រែកត្រែង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

នាឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការ​ជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ បានផ្តល់ថវិកា ដើម្បីរៀបចំជា​ជំនួយសម្ភារឧបករណ៍បម្រើដល់ប្រតិបត្តិការសង្គ្រោះក្នុងផ្ទៃទឹកដូចជា៖ បឹង ស្ទឹង ទន្លេ និងសមុទ្រជាដើម។

ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការ​គិតគូរដល់​កង​ប្រតិបត្តិការ​រុករក និងសង្គ្រោះ សរុបទាំង១៧កង សំដៅឱ្យប្រតិបត្តិការ​អន្តរាគមន៍​ទាំងឡាយ​ដែលកើត​ឡើងជាយថា​ហេតុទទួល​បានប្រសិទ្ធភាពខ្ពស់ផងដែរ។

បន្ថែមពីនេះ ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា ការផ្តល់ជំនួយសម្ភារនេះ ជាការឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាស្ថាន​ភាព​ដែល​ជួប​ប្រទះ​នាពេលកន្លងមក ក្នុងរង្វង់ប្រតិបត្តិការជួយសង្គ្រោះ និងស្វែងរក​ជនរងគ្រោះដែល​លិចលង់ដោយ​ឧបទ្ទវហេតុផងដែរ។

ទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា សម្រាប់កម្ពុជាស្ទើរជារៀងរាល់ឆ្នាំ បានរងផលប៉ះពាល់​ដោយ​សារទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំង ទន្លេ និងគ្រោះមហន្តរាយផ្សេងៗទៀត។ ទេសរដ្ឋមន្រ្តីបានថ្លែងថា ទោះជាយ៉ាងណារាជរដ្ឋាភិបាល បានផ្តល់អាទិភាពលើការងារគ្រប់គ្រងគ្រោះមហន្តរាយដោយបានពុះពារគ្រប់ឧបសគ្គប្រយុទ្ធលើគ្រប់សមរភូមិម្ចាស់ ការបានលើគ្រប់ទិដ្ឋភាព និងគ្រប់កាលៈទេសៈ៕