(បាត់ដំបង)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី បានអញ្ជើញប្រគល់ម៉ូតូជូនដល់សិស្សប្រឡងជាប់ សញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២ ចំនួន៥៤នាក់ ព្រមទាំងចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង នៅក្រុងបាត់ដំបង។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ញ៉ែម សាខន សខេង និងលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។

បើតាមលោក សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា សិស្សនិទ្ទេស A នៅទូទាំងខេត្តបាត់ដំបង សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២ សម័យប្រឡងកាលពីរ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះមានចំនួន ៥៤នាក់ ដែលត្រូវទទួលបានម៉ូតូ ក្នុងម្នាក់ៗចំនួន ១គ្រឿង ជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកស្រី។

ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋដែលជួបការលំបាក និងខ្វះខាតផ្នែកជីវភាព មានចំនួន ៥០០គ្រួសារ នៅក្នុងក្រុងបាត់ដំបង ដែលត្រូវទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកស្រី ដោយក្នុង១គ្រួសារៗទទួលបានគ្រឿងបរិភោគ ឧបភោគ និងថវិកាមួយចំនួន។

ថ្លែងក្នុងឱកាសនោះ លោក ស សុខា បានគូសបញ្ជាក់ថា បើគិតចាប់តាំងពីឆ្នាំ២០១៤មក គឺមានរយៈពេលជិត ១០ឆ្នាំហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមធ្វើកំណែទម្រង់ទៅលើវិស័យអប់រំ ពិសេសការរឹតបន្តឹងនៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ជិត១០ឆ្នាំនេះ យើងបានឆ្លងកាត់នូវឧបសគ្គក៏ដូចជាបទពិសោធយ៉ាងច្រើនដែលជាមេរៀនដ៏ល្អ សម្រាប់អភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាបន្តទៀត ដើម្បីឈានទៅបណ្តុះបណ្តាលធនធានមនុស្សពោរពេញដោយសមត្ថភាព ពិសេសអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងក្នុងតំបន់ ក៏ដូចជាបណ្តាប្រទេសរីកចម្រើនដទៃទៀតនៅលើពិភពលោក។

លោក ស សុខា បានបន្តថា ជាការកត់សម្គាល់របស់លោក ឆ្លងកាត់កំណែទម្រង់ជាបន្តបន្ទាប់ លទ្ធផលដែលយើងទទួលបានគឺគុណភាពនៃវិស័យអប់រំនៅកម្ពុជា មានការផ្លាស់ប្តូរជាវិជ្ជមាន គួរឱ្យមោទនៈ។ ជាក់ស្តែងសមត្ថភាពរបស់សិស្ស និស្សិតកម្ពុជា មានការកើនឡើងកាន់តែខ្ពស់ អាចប្រកួតប្រជែងរហូតដល់អាចដណ្តើមបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោកបានថែមទៀត។ ទាំងអស់នេះសបញ្ជាក់ឱ្យឃើញថា កំណែទម្រង់វិស័យអប់រំនៅកម្ពុជា បាននិងកំពុងតែដើរនៅលើផ្លូវត្រូវ បើទោះជាចុងក្រោយនេះ យើងបានរងផលប៉ះពាល់ដែលបង្កឡើងដោយសារវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩ក្តី។

ជាក់ស្តែងនៅក្នុងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងកាលពីថ្ងៃ ៥ ខែធ្នូ ២០២២កន្លងមកនេះ កន្លងទៅនេះ មានសិស្សប្រឡង ជាប់សរុប ៩០ ៩៥០នាក់ ស្មើនឹង៧២,៣៣%។ ក្នុងនោះសិស្ស ដែលបានប្រឡងជាប់និទ្ទេស A ចំនួន ១,០៤៩នាក់ និទ្ទេស B ចំនួន ៧,២៣២នាក់ និទ្ទេស C ចំនួន ១៩,០៥៣នាក់ និទ្ទេស D ចំនួន ៣១,១៦៦នាក់ និងនិទ្ទេស E ចំនួន ៣២,៤៥០នាក់។

លោក ស សុខា បានបញ្ជាក់ថា លទ្ធផលដែលយើងទទួលបាននៅពេលនេះ គឺពិតជាពុំអាចកើតមាននោះឡើយ ប្រសិនបើមិនមានការចូលរួមសហការគ្នាពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជនទេនោះ ជាពិសេសរឹតតែមិនអាចកើតមានទៅទៀត ប្រសិនបើប្រទេសជាតិរបស់យើង ពុំមានសុខសន្តិភាពក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នាពេលបច្ចុបន្ននេះ។

បន្ថែមពីនេះលោក ស សុខា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យអប់រំ។ តាមរយៈសារលិខិតអបអរបវេសនកាលថ្មី ឆ្នាំសិក្សា២០២២-២០២៣ កាលពីដើមខែមករានេះ សម្តេចតេជោ បានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវខិតខំកែលម្អសេវាអប់រំ និងកម្មវិធីអប់រំ ដើម្បីកសាងធនធានមនុស្ស ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថលប្រកបដោយជំនាញ ក្នុងសតវត្សទី២១ ជាពិសេសការអប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា៕