(កំពង់ចាម)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក ) អមជាមួយថ្នាក់ដឹកនាំជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការ ស.ស.យ.ក ខេត្តកំពង់ចាម ស្ថិតនៅភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាសមាជិកថ្នាក់កណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះ ស.ស.យ.ក. គឺជាអង្គការយុវជនដ៏ធំមួយក្នុងចំណោមស្ថាប័នយុវជនដទៃទៀត ដែលមានរចនា សម្ព័ន្ធ ចាត់តាំងនៅទូទាំងរាជធានី-ខេត្តទាំង២៥ និងមានតំណាងក្រុមការងារនៅតាមក្រសួង-ស្ថាប័នរដ្ឋនានាផងដែរ។

លោកថា «សមាជិកសមាជិកា ស.ស.យ.ក. យើងបានចូលរួមចំណែកយ៉ាងផុសផុល ក្នុងសកម្មភាពសេដ្ឋកិច្ច-សង្គម ចាប់ពីកម្រិតមូលដ្ឋានរហូតដល់ថ្នាក់ជាតិ ដោយផ្តោតការយកចិត្តទុកដាក់សំខាន់ លើការបង្កើតជាវេទិកាផ្សេងៗ សម្រាប់ផ្សារភ្ជាប់យុវជនដែលមានចិត្តគំនិត ឆន្ទៈ និងបេះដូងក្នុងការចូលរួម និងតបស្នងត្រឡប់ទៅសង្គមជាតិរបស់យើងវិញ ហើយអគារទីស្នាក់ការថ្មីនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រជាមួយសកម្មភាព ទាំងឡាយរបស់យុវជនយើង»

ក្នុងឱកាសនោះលោក ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ នៅកិច្ចខិតខំប្រឹងប្រែងរបស់ ស.ស.យ.ក ខេត្តកំពង់ចាម ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបំពេញការងារសង្គម មនុស្សធម៌ និងការងារអប់រំ ក៏ដូចជាការបន្តលើកស្ទួយសកម្មភាព ស.ស.យ.ក ឱ្យមានការទទួលស្គាល់ទាំងក្នុងប្រទេសនិងក្រៅប្រទេស។

លោក ហ៊ុន ម៉ានី បានមានជំនឿយ៉ាងមុតមាំថា អគារស្នាក់ការ ស.ស.យ.ក នេះ និងក្លាយជាមជ្ឈមណ្ឌល ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗ របស់យុវជន សំដៅធ្វើយ៉ាងណាបន្តលើកស្ទួយសកម្មភាពការងាររបស់ ស.ស.យ.ក ដើម្បីបញ្ជ្រាបចូលទៅដល់ស្រទាប់យុវជន គ្រប់លំដាប់ថ្នាក់ និងគ្រប់និន្នាការ ទាំងនៅក្នុងខេត្តកំពង់ចាមផ្ទាល់ និងបណ្ដាខេត្ត ជិតៗនេះ។

ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់សមាជិក សមាជិកា ចូលរួមសូមជួយថែរក្សាអាគារនេះ ឲ្យបានស្ថិតស្ថេរគង់វង្ស ដើម្បីជាប្រយោជន៍ដល់យុវជនជំនាន់នេះ និងជំនាន់ក្រោយបន្តទៀត៕