(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ថ្លែងថា ដោយសារប្រទេសជាតិមានសុខសន្តិភាពធ្វើឱ្យស្រ្តីមានឱកាសទទួលបានចំណេះដឹងនិងមានធនធានមនុស្សជាច្រើនហើយទទួលបានសិទ្ធិពេញលេញក្នុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ 

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសរួមជាមួយលោកស្រី អញ្ជើញចូលរួមអបអសាទរ ខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ និងសំណេះសំណាលជាមួយនារី គ្រួសារយោធិនរបស់បញ្ជាការដ្ឋានអង្គរក្ស នៅរសៀលថ្ងៃទី៣០ ខែមករា ២០២៣។ 

នាយឧត្តមសេនីយ៍កិតិ្តបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើងថា ប្រសិនបើប្រទេសជាតិយើងមានសង្រ្គាមអស្ថិរភាពនយោបាយគ្មានសន្តិភាព យើងមិនបានគិតគូរពីការអភិវឌ្ឍន៍ភូមិឃុំសហគមន៍ស្រ្តីយ៉េនឌ័រ សិទ្ធិស្រ្តី សិទ្ធិកុមារ សិទ្ធិមនុស្សនោះទេ។ កត្តាសំខាន់គឺការពារសន្តិភាពនិងថែរក្សាសន្តិភាព ហើយស្រ្តីក៏មានតួនាទីថែរក្សាសន្តិភាព ដែលមានប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារនិងសង្គមជាតិ។

លោកបន្តទៀតថា អង្គការសហប្រជាជាតិបានកោតសរសើរចាត់ទុកប្រទេសកម្ពុជាជាប្រទេសគំរូ ដែលបានបញ្ជូនស្រ្តីមួកខៀវ លើសកូតា១៥%ដល់ទៅ១៧%ទៅចូលរួមថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ វឌ្ឍនភាពស្ថានភាពរបស់ស្រ្តីលើវិស័យអប់រំគំលាតយ៉េនឌ័រ រវាងក្មេងប្រុសនិងក្មេងស្រីនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាមានកំរិតទាបបំផុតគំលាតយ៉េនឌ័រនៅមានបន្តិចបន្ទួចនៅមធ្យមសិក្សាទុតិយភូមិចំពោះកំរិតឧត្ដមសិក្សាគំលាតយ៉ែនឌ័រកំពុងកាត់បន្ថយបន្តិចម្ដងៗ។

ពាក់ពន្ធ័លើសុខភាពស្រ្តី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន បានចូលរួមចំណែកយ៉ាងសកម្មដើម្បីកាត់បន្ថយអត្រាមរណៈភាពមាតានិងទារក។ ប្រទេសកម្ពុជាយើងក្នុងចំណោមប្រទេស១០ លើពិភពលោកបានឈានទៅសម្រចគោលដៅអភិវឌ្ឍន៍សហស្សវត្សន៍ឆ្នាំ២០១៥ នៅលើវិស័យសុខភាពក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងទារក។

ក្នុងវិស័យសេដ្ឋកិច្ចបើប្រៀបធៀបប្រទេសក្នុងតំបន់ប្រទេសកម្ពុជាមានអត្រាស្រ្តីចូលរួមក្នុងវិស័យសេដ្ឋកិច្ចមានកម្លាំងពលកម្មខ្ពស់មានដល់៨០%។ ក្នុងសហគ្រាសធនតូចនិងមធ្យមមានចំនួនមនុស្សជិតកន្លៈលាននាក់ក្នុងនោះមានស្រ្តី៦៥%ជាម្ចាស់ដឹកនាំសហគ្រាស។ 

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើកកម្ពស់សមភាពយេនឌ័រតាមក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិដាក់ចេញគោលនយោបាយ យន្តការច្បាប់ជាច្រើនដើមី្បសមភាពយេនឌ័រក្នុងភាពជាអ្នកដឹកនាំឱ្យកាន់តែល្អប្រសើរឡើងប្រកបដោយសមធម៌នោះ។ ដូច្នេះថ្នាក់ដឹកនាំបន្ត ខិតខំធ្វើយ៉ាងណាលើកកម្ពស់ស្រ្តី ឲ្យមានការចូលរួមឈរឈ្មោះជាអ្នកដឹកនាំក្នុងជួរស្រុកឃុំភូមិកាន់តែច្រើនបន្ថែមទៀត។

ការបង្កើនការចូលរួមរបស់ស្រ្តីក្នុងជួរថ្នាក់ដឹកនាំ ក្នុងវិស័យសេដ្ឋកិច្ច, សមភាពយេនឌ័រក្នុងវិស័យអប់រំ, ស្ថានភាពសុខភាពល្អ, និងសមភាពក្នុងតួនាទីធ្វើសេចក្តីសម្រេចចិត្តក្នុងវិស័យសាធារណៈ និងនយោបាយបានធ្វើឱ្យស្ត្រីបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ចំណុចនៃការបង្កើនការចូលរួមរបស់ស្រ្តី បានជំរុញឱ្យសិស្សស្រី មានការកើនឡើងទាំងបរិមាណ និងគុណភាព ជួយឱ្យស្ត្រីកម្ពុជា ក្លាយជាកម្លាំងចលករយ៉ាងសកម្ម ក្នុងការរួមចំណែកបង្កើនកំណើន សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រជាដើម។

លោកបានជម្រុញការលើកកម្ពស់ស្រ្តីបន្តការចូលរួម ការកែប្រែឥរិយាបទសង្គម ដែលនៅមានការរើសអ៊ើងចំពោះស្រ្តី តាមរយៈការគាំទ្រ លើកទឹកចិត្ត និងផ្តល់ឱកាសឱ្យស្ត្រី ដោយស្មើភាពជាមួយបុរស ហើយត្រូវចាត់ទុកស្ត្រីជាដៃគូរសំខាន់ ក្នុងការអភិវឌ្ឍគ្រួសារក៏ដូចជាសង្គម និងត្រូវប្រកាន់យកនូវទស្សនៈ ជួយស្ត្រីគឺជួយខ្លួនឯង។ ជាងនេះទៅទៀត ស្ត្រីខ្លួនឯង ត្រូវខិតខំបង្កើនចំណេះដឹងជំនាញ សមត្ថភាព និងរក្សាឱ្យបានប្រណៃនូវសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារដើម្បីលើកកម្ពស់សក្តានុពលរបស់ស្ត្រីក្នុងសង្គម៕