(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅក្នុងសាលាបឋមសិក្សាប្ញស្សីក្រោក ភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាលខ្មែរអាមេរិក បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅ និងផ្តល់វែនតាដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ។

ក្នុងកម្មពិធីនេះ ក៏មានការចូលរួមលោក លី សុវណ្ណ រិទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ, លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកវេជ្ជបណ្ឌិត រដ្ឋបាលស្រុកមង្គលបុរី រដ្ឋបាលឃុំ និង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាលខ្មែរអាមេរិចកាំងចំនួន១១៥នាក់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្នុងស្រុកជាច្រើននាក់ផងដែរ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានថ្លែងអំណរគុណ និងសូមសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាលខ្មែរអាមេរិក ដែលបានពួតដៃគ្នាទិញថ្មាំពេទ្យ និងវ៉ែនតារាប់ពាន់សម្រា​ប់មនុស្សចាស់ជូនប្រជាពលរដ្ឋទូទាំង ៩ក្រុង ស្រុក ដោយមិនគិតថ្លៃក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៣។

ទីកន្លែងសម្រាប់ពិនិត្យ និងព្យាបាលជំងឺ មាន៣ទីកន្លែង រួមមាន៖

*ទី១៖ នៅសាលាបឋមសិក្សាប្ញស្សីក្រោក ភូមិឬស្សីក្រោក ឃុំឬស្សីក្រោក
*ទី២៖ នៅសាលាបឋមសិក្សាសឿ មានរយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២ខែកុម្ភ: ដល់៣ខែកុម្ភ: ឆ្នាំ២០២៣
*ទី៣៖ នៅទល់មុខសាលាឃុំគោកបល័្លង្គ មានរយ:ពេល ២ថ្ងៃពីថ្ងៃទី២ ខែកុម្ភ: ដល់៣ ខែកុម្ភ: ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:៣០នាទីព្រឹកដល់ម៉ោង ៤:៣០នាទីល្ងាច។

លោក លី សុវណ្ណរិទ្ធិ បានថ្លែងថា ក្រុមវេជ្ជបណ្ឌិតសមាគមសុខាភិបាលខ្មែរអាមេរិក បានចុះមកពិនិត្យ ព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ នាពេលនោះសុទ្ធតែបានបង្ហាញនូវភាពសប្បាយរីករាយ ដែលជាការរួមចំណែកកាត់បន្ថយលើការចំណាយរបស់បងប្អូនប្រជាពលរដ្ឋបានច្រើន សម្រាប់ការថែទាំសុខភាពបន្ថែមប្រចាំថ្ងៃ។

លោក លី សុវណ្ណរិទ្ធិ បានបន្តថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសហគមសុខាភិបាលខ្មែរអាមេរិកជាច្រើននាក់ ក្នុងនោះមានវេជ្ជបណ្ឌិតចំណានៗ និងមានថ្នាំពេទ្យជាច្រើនមុខ រួមទាំងគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ជាច្រើននាក់ផង មកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងនោះមានជំងឺទូទៅ មាត់ធ្មេញ ភ្នែក និងផ្តល់វែនតាជូនដោយមិនឥតគិតថ្លៃដល់ពលរដ្ឋនៅស្រុកមង្គលបូរី មានរយៈពេល៦ថ្ងៃ ពិសេសនៅជនបទដោយមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណ: ក្នុងបំណងរួមចំណែកបន្ថែមក្នុងការបំប៉ន លើកកម្ពស់សុខុមាលភាព កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ៕