(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកម្មវិធីជួបជុំសប្បុរសជនជាតិ និងអន្តរជាតិ ដើម្បីស្វែងរកជំនួយរបស់មូលនិធិ Restu ប្រទេសម៉ាឡេស៊ី និងទទួលពានរង្វាន់ឥស្សរជន AL-QURAN សម្រាប់ឆ្នាំ២០២២ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រធានគណៈកម្មាការជ្រើសរើសឥស្សរជន Al- QURAN បានជ្រើសរើសលោកបណ្ឌិត អូស្មាន ហាស្សាន់ ជាបេក្ខជនពានរង្វាន់ AL-QURAN PERSONALITY AWARD សម្រាប់ឆ្នាំ២០២២ ក្រោមអធិបតីភាព YAB Dato' Seri Dr. Ahmad Zahid Bin Hamidi ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងទីក្រុង។

នៅក្នុងកម្មវិធីខាងលើ លោក អូស្មាន ហាស្សាន់ ក៏នឹងចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា (MOU) ជាមួយមជ្ឈមណ្ឌលបោះពុម្ពគម្ពីរគួរអាន Mushaf (Al-Quran Mushaf Printing Center) ផងដែរ។

គួរបញ្ជាក់ថា មូលនិធិ Restu ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ គឺជាអង្គការមិនរកប្រាក់ចំណេញ ដែលឈានមុខគេក្នុងការថតចម្លង និងបោះពុម្ពផ្សាយ គម្ពីរគួរអានធំជាងគេទីពីរ នៅលើពិភពលោក បន្ទាប់ពីមជ្ឈមណ្ឌលបោះពុម្ព King Fahd ប្រទេសអារ៉ាប៊ីសាអូឌីត។

រយ:ពេលជាងពីរទសវត្សរ៍ មូលនិធិនេះបាននិងកំពុងធ្វើឲ្យប្រទេសម៉ាឡេស៊ី ក្លាយជាមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការសាបព្រួស និងផ្សព្វផ្សាយគម្ពីរគួរអាន ស្រាវជ្រាវចំណេះដឹង និងវិទ្យាសាស្ត្រផ្សេងៗ សិល្បៈឥស្លាមសម្បូរបែប ឌីជីថលភាវូបនីយកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុត ដើម្បីបំពេញតម្រូវការក្នុងការប្រណិប័តន៍សាសនារបស់ខ្លួន សម្រាប់ប្រជាជនមុស្លិមទូទៅ។

កន្លងមកមូលនិធិ Restu ក៏បានបោះពុម្ពគម្ពីរគួរអានបកប្រែ ជាខេមរៈភាសាចំនួនជិត៥៧,០០០ក្បាល និងគម្ពីរគួរអានធម្មតាចំននួនជាង ៣៥,០០០ ក្បាល ជូនមូលនិធិអភិវឌ្ឍន៍មុសិ្លមកម្ពុជ(CMDF) ដើម្បីចែកជូនសាសនិកឥស្លាមកម្ពុជា ដោយឥតគិតថ្លៃសរុបជាទឹកប្រាក់ប្រមាណ១,៧ លានដុល្លារ៕