(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានសម្រេចប្រកាន់ខ្ជាប់ការអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់សំដៅការពារផលប្រយោជន៍ស្នូលរបស់ជាតិ, គោរពនិយាម គោលបំណង និងគោលការណ៍នានានៃធម្មនុញ្ញរបស់ អ.ស.ប. និងអាស៊ាន។

នេះបើតាម សេចក្តីសម្រេចចិត្ត១១ចំណុច នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងអនុប្រធានទាំង៤រូប។

សេចក្តីសម្រេចចិត្តចំណុចទី៨ បានបញ្ជាក់ថា៖ មហាសន្និបាតប្រកាន់ខ្ជាប់ការអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់សំដៅការពារផលប្រយោជន៍ស្នូលរបស់ជាតិ, គោរពនិយាម គោលបំណង និងគោលការណ៍នានានៃធម្មនុញ្ញរបស់ អ.ស.ប. និងអាស៊ាន, ចូលរួមសកម្មក្នុងកិច្ចប្រឹងប្រែងតំបន់ និងសាកលលោកដើម្បីថែរក្សា និងពង្រឹងសន្តិរា ស្ថិរភាព និងវិបុលភាព, បន្តប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ឧក្រិដ្ឋកម្មឆ្លង ដែនគ្រប់ប្រភេទ អំពើភេរវកម្ម ជំងឺឆ្លងនានា។ល។ និងរួមចំណែកក្នុងការពង្រឹងពហុភាគីនិយម។

ជាមួយគ្នានេះនៅក្នុងបរិការណ៍ដែលសភាពការណ៍តំបន់ និងអន្តរជាតិ កំពុងមានការវិវត្តដ៏ស្មុគស្មាញមិនប្រាកដប្រជា និង ប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំងនោះ គណបក្សប្រជាជនកម្ពុជាក៏បានអំពាវនាវដល់បណ្ដារដ្ឋដែលពាក់ព័ន្ធក្នុងជម្លោះនានា សូមបង្កើនការអត់ធ្មត់ ពង្រឹងកិច្ចសហប្រតិបត្តិការ ហើយព្យាយាមរួមគ្នារកដំណោះស្រាយដោយសន្តិវិធី ដើម្បីធានាបាននូវសុខសន្តិភាព និងវិបុលភាពប្រកបដោយចីរភាពសម្រាប់មនុស្សជាតិ៕