(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាកម្ចាត់នយោបាយ និងសកម្មភាពជ្រុលនិយមគ្រប់រូបភាព ឱ្យអស់ពីសង្គមកម្ពុជា មិនទុកឱ្យនិន្នាការនេះបង្កការបែកបាក់ជាតិឡើយ ដើម្បីពង្រឹងសាមគ្គីភាព ឯកភាពជាតិ និងធានាបរិយាកាសរស់នៅដ៏សុខសាន្តជូនប្រជាជន។

ការបញ្ជាក់ពីប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឡើងនៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល២ថ្ងៃ នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងអនុប្រធានទាំង៤រូប។

សេចក្តីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា មហាសន្និបាតបញ្ជាក់ច្បាស់ការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខឱ្យបានរឹងមាំនៅគ្រប់កាលៈទេសៈ លើកកម្ពស់ការគោរព និងអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់ ហើយប្រឆាំងដាច់ខាតរាល់សកម្មភាពប្រទូសរ៉ាយដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍនៅកម្ពុជា។

«ក្នុងស្មារតីនេះ ចាំបាច់ត្រូវកម្ចាត់នយោបាយ និងសកម្មភាពជ្រុលនិយមគ្រប់រូបភាព ឱ្យអស់ពីសង្គមកម្ពុជា មិនទុកឱ្យនិន្នាការនេះបង្កការបែកបាក់ជាតិឡើយ ដើម្បីពង្រឹងសាមគ្គីភាព ឯកភាពជាតិ និងធានាបរិយាកាសរស់នៅដ៏សុខសាន្តជូនប្រជាជន។ ជាមួយគ្នានេះ បន្តលើកកម្ពស់ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែបានល្អប្រសើរតាមទិសដៅដែលរាជរដ្ឋាភិបាលបានដាក់ចេញ»។ នេះបើតាមសេចក្តីប្រកាស។

មហាសន្និបាតក៏បានបញ្ជាក់ច្បាស់នូវគោលជំហរឥតងាករេ ក្នុងការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឱ្យស្ថិតស្ថេរជានិរន្តរ៍។ ព្រមជាមួយនោះ បន្តពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងលើកកម្ពស់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដែលជាមូលដ្ឋានដ៏សំខាន់ចាំបាច់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាព និង ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ក្នុងស្មារតីនេះ គណបក្សប្រជាជនកម្ពុជា ចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បណ្ដាគណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានផ្សេងទៀតក្នុងសង្គម ក្នុងការពង្រឹងបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោតឱ្យបានល្អប្រសើរ ប្រកបដោយលក្ខណៈអព្យាក្រឹត គ្មានការគំរាមកំហែង និងសុវត្ថិភាព លើមូលដ្ឋានប្រកាន់ខ្ជាប់គោលការណ៍ច្បាប់ ដើម្បីធានាឱ្យដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ៕