(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងជំរុញដល់អាជ្ញាធរដែនដី ក្រុង ស្រុក និងមន្ទីរ អង្គភាព ពាក់ព័ន្ធក្នុងខេត្ត បន្តចូលរួមសហការគាំទ្រ ដល់សកម្មភាពការងាររបស់អង្គការទស្សនពិភពលោក ក៏ដូចជាអង្គការ សង្គមសុីវិល មួយចំនួនទៀត ដើម្បីឱ្យខេត្តព្រះវិហាររបស់យើងកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត។

ការថ្លែងណែនាំរបស់លោកអភិបាលខេត្តព្រះវិហារបែបនេះ ក្នុងឱកាសដែលលោកទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារមួយចំនួនជាមួយ លោកស្រី ស៊ុន ម៉ាលីន ប្រធានប្រតិបត្តិអង្គការទស្សនៈពិភពលោកប្រចាំខេត្តព្រះវិហារ និងក្រុមការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរ ក្រុង ស្រុក ជាច្រើនរូបទៀត នៅថ្ងៃទី២៧ខែមករាឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

លោកស្រី ស៊ុន ម៉ាលីន ប្រធានប្រតិបត្តិអង្គការទស្សនពិភពលោក ប្រចាំខេត្តព្រះវិហារ បានបញ្ជាក់ថា «សកម្មភាពការងារឆ្នាំ២០២២ ដែលអង្គការបានប្រតិបត្តិនៅតាមក្រុង ស្រុក ទាំង៨ក្នុងខេត្ត ផ្តោតលើតម្រូវការសហគមន៍ លើកម្មវិធីសុខភាព អាហាររូបត្ថម្ភ និងអានាម័យទឹកស្អាត កម្មវិធីអប់រំ និងបំនិនជីវិត កម្មវិធីកិច្ចការពារកុមារចូលរួមរបស់យុវជន កម្មវិធីកុមារទំនុកបម្រុង និងការចូលរួមរបស់សហគមន៍ ក៏ដូចជាកម្មវិធីមួយចំនួនទៀត គឺអង្គការទស្សនពិភពលោកចំណាយទឹកប្រាក់រហូត ៥.៩លានដុល្លារ»

ជាមួយគ្នានេះ​ដែរលោកស្រីប្រធាន ក៏បានជម្រាបជូនលោកអភិបាលខេត្តព្រះវិហារ ពីគម្រោងផែនការរយៈពេល៥ឆ្នាំ(២០២៣-២០២៧)របស់អង្គការទស្សនពិភពលោកប្រចាំខេត្តព្រះវិហារផងដែរ។​ ដោយឡែក​ សម្រាប់ឆ្នាំ២០២៣​ ថវិកាអនុវត្តសម្មភាពនៅ​សល់ត្រឹមតែជា​ង​ ៤លានដុល្លារ​ ប៉ុណ្ណោះ​ ដោយ​សារគម្រោងមួយចំនួនត្រូវបានបញ្ចប់​។

លោក គីម រិទ្ធី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ បុគ្គលិក អង្គការទស្សនពិភពលោកប្រចាំខេត្តព្រះវិហារទាំងអស់ ដែលបានធ្វើសកម្មភាពការងារក្នុងទិសដៅចូលរួមចំណែកអភិវឌ្ឍន៍ខេត្ត ដើម្បីលើកកម្ពស់សុខភាព ជីវភាពប្រជាពលរដ្ឋនៅក្នុងខេត្តឱ្យកាន់តែប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះ លោកក៏បានណែនាំដល់អាជ្ញាធរ ក្រុង ស្រុក មន្ទីរពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយអង្គការទស្សនពិភពលោក និងអង្គការដៃគូរមួយចំនួនទៀតប្រចាំខេត្ត ដើម្បីឱ្យខេត្តព្រះវិហារកាន់តែមានការអភិវឌ្ឍថែមទៀត៕