(សៀមរាប)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំពិធីបុណ្យអង្ករលើកទី៥ និងជាលើកទី១ នៅក្នុងខេត្តសៀមរាប និងជាកម្មវិធីអបអរសាទរដែលអង្ករកម្ពុជាទទួលបានពានរង្វាន់អង្ករល្អបំផុតលើពិភពលោកឆ្នាំ២០២២។

ពិធីនេះ បានធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ដោយមានការគាំទ្រពីក្លិបទេសចរណ៍ខេត្តសៀមរាប សហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប សមាគមន៍ចុងភៅកម្ពុជា សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងមានការគាំទ្រដោយក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅខេត្តសៀមរាប។

ពិធីបុណ្យអង្ករលើកទី៥ បានបើកសម្ពោធជាផ្លូវការក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាតំណាងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរនៅក្នុងខេត្ត និងសមាជិក សមាជិកា នៃសហព័ន្ធយុវជនខេត្តសៀមរាបចំនួនប្រមាណជាង ៣០០នាក់។

គោលបំណងសំខាន់នៃពិធី «បុណ្យអង្ករ» គឺដើម្បីផ្សព្វផ្សាយសក្ដានុពលវិស័យស្រូវអង្ករកម្ពុជា ដែលជាមាស «ស» របស់ព្រះរាជាណាចក្រកម្ពុជា ហើយកន្លងទៅថ្មីៗ នេះដែរអង្ករកម្ពុជាបានឈ្នះពានរង្វាន់ «អង្ករល្អដាច់គេរបស់ពិភពលោក» ដែលជាប្រភេទអង្ករម៉ាក «ម្លិះអង្គរ» និងផលិតចេញពីពូជស្រូវឈ្មោះ «ផ្ការំដួល»

កម្មវិធីនេះដែរក៏មានគោលបំណងដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យបានកាន់តែច្រើន ក្រោមស្មារតីនៃយុទ្ធនាការ «ទស្សនាស្រុកយើង កម្ពុជាស្អាត និងទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ» ដើម្បីផ្សព្វផ្សាយទិសដៅទេសចរណ៍ដ៏មានសក្កានុពលក្នុងខេត្តសៀមរាប ផលិតផល និងសេវាកម្មទេសចរណ៍ ដែលមានលក្ខណៈវប្បធម៌ និងសម្បត្តិធម្មជាតិដ៏សម្បូរបែបព្រមជាមួយស្នាមញញឹមប្រកបដោយភាពកក់ក្តៅ រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ដែលជាឱកាសទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាកាន់តែច្រើនឡើងថែមទៀតមិនតែប៉ុណ្ណោះកម្មវិធីនេះមានការចូលរួមផ្សព្វផ្សាយពីបវរកញ្ញាភពផែនដី (Miss Planet International) ចំនួន ២៦ប្រទេស និងមានកម្មវិធីរាត្រីស្រមោលស សប្បុរសធម៌ ដើម្បីរៃអង្គាសថវិការជួយដល់មន្ទីពេទ្យកុមាអង្គរខេត្តសៀមរាបផងដែរ។

នៅក្នុងកម្មវិធីនេះ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានលើកឡើងនៅក្នុងសុន្ទរកថាដោយបង្ហាញអំពីសារៈសំខាន់នៃវិស័យស្រូវអង្ករ ដែលប្រទេសកម្ពុជាបានចាប់ផ្តើមនាំចេញអង្ករជាលើកដំបូងនៅឆ្នាំ២០០៩ ដែលមានបរិមាណប្រមាណជា ៦០០តោន ហើយបានបន្តកើនឡើងជាបន្តបន្ទាប់រហូតដល់ជាង ៦៣ម៉ឺនតោនជាមធ្យម នៅក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា វិស័យស្រូវអង្ករនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ចជាតិ ដែលបានធ្វើការនាំចេញអង្ករក្នុងឆ្នាំកន្លងទៅបានចំនួនជាង ៦៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានចំនួនជាង ៤១៨លានដុល្លារ និងនាំចេញស្រូវបានចំនួនជាង ៣.៤លានតោនស្រូវ ដែលគិតជាទឹកប្រាក់បានចំនួនជាង ៨៨១លានដុល្លារ បើសរុបទាំងការនាំចេញអង្ករ និងស្រូវ បានទឹកប្រាក់សរុបប្រមាណជាង ១,២០០លានដុល្លារក្នុងមួយឆ្នាំ ដែលជាចំណែកមួយយ៉ាងសំខាន់សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។

បន្ថែមពីនេះ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ បានបញ្ជាក់ថា អង្ករកម្ពុជាបានទទួលកេរ្តិ៍ឈ្មោះដ៏ល្អប្រពៃជាពិសេសប្រភេទអង្ករម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ជាប្រភេទពូជស្រូវផ្ការំដួល បានជាប់ចំណាត់ថ្នាក់ជាអង្ករល្អបំផុតលើពិភពលោកចំនួន ៥ដង គឺនៅឆ្នាំ២០១២-២០១៣-២០១៤-២០១៨ និងចុងក្រោយនៅឆ្នាំ២០២២ នៅខេត្តភូកេត ប្រទេសថៃ។ សម្រាប់ការប្រកួតចុងក្រោយក្នុងឆ្នាំ២០២២ អង្ករពូជស្រូវផ្ការរំដួលដែលស្ថិតក្រោមម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ត្រូវបានជាប់ជាអង្ករល្អបំផុតពិភពលោក ដោយជ្រើសរើសចេញពីវត្ថុសំណាកអង្ករគម្រូចំនួនជាង ៤០សំណាកអង្ករ ដែលផ្តល់ដោយប្រទេសចំនួន ៨ប្រទេស។

លោកឧកញ៉ា ចាន់ សុឃាំង បានគូសបញ្ជាក់ឱ្យដឹងថា សម្រាប់ការផ្តល់ពិន្ទុ និងជយលាភីអង្ករល្អបំផុតពិភពលោកដោយគណៈកម្មាធិការជំនាញរបស់វិទ្យាស្ថានអន្តរជាតិ ICI របស់សហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋានចម្បងដូចជា៖

*ភាពប្រណិតនៃគ្រាប់អង្ករ (Characteristic-Appearance) ដោយផ្តោតទាំងទំហំគ្រាប់អង្ករ គុណភាពនៃការកិន ប៉ូលា ការវេចខ្ចប់។ល។
*រសជាតិ (Test)
*ក្លិន ( Aroma)
*ភាពទន់ (Soft texture)
*និងមានចំណុចពិសេសជាច្រើនដោយផ្អែកលើជំនាញរបស់គណៈកម្មាធិការជ្រើសរើស។

ការទទួលបានជយលាភីដ៏វិសេសវិសាលនះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាកសិករកម្ពុជា ក្នុងការថែទាំដាំដុះលើដែនដីដ៏ល្អនិងដ៏មានជីវជាតិនៃបឹងទន្លេសាប។

សូមបញ្ជាក់ផងដែរថា ពូជស្រូវផ្ការំដួល ជាប្រភេទពូជស្រូវវស្សាប្រកាន់រដូវ ដែលបានខិតខំស្រាវជ្រាវដោយអ្នកវិទ្យាសាស្ត្រស្រូវនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាំងពីឆ្នាំ១៩៩០ ហើយបានបញ្ចេញឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ១៩៩៧ ដែលជាប្រភេទពូជស្រូវដែលមានខ្សែស្រឡាយមេបាដើមពូជស្រូវខ្មែរឈ្មោះ «សូម៉ាលី-១៧៧១»