(ភ្នំពេញ)៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំស្តីពី ការណែនាំក្នុងការរៀបចំឯកសារអាហារូបករណ៍ ការជ្រើសរើសជំនាញ និងសាកលវិទ្យាល័យល្បីៗនៅប្រទេសចិន ដើម្បីបន្តការសិក្សានៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤ ជូនបេក្ខជនជាប់ស្ថាពរអាហារូបករណ៍រដ្ឋាភិបាលចិន ដែលហៅកាត់ថា CSC ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុប៦៧រូប ដែលទើបតែប្រឡងជាប់តាមរយៈក្រសួងអប់រំ យុវជន និងកីឡា។

លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិត និងកញ្ញា ហោ រស្មី ប្រធានសមាគមនិស្សិតអាណត្តិទី៦ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគម បានធ្វើសម្របសម្រួល និងណែនាំជូនបេក្ខជនយ៉ាងក្បោះក្បាយ អំពីនីតិរៀបចំឯកសារអាហារូបករណ៍ដាក់តាមប្រព័ន្ធអនឡាញ CSC ជាពិសេសណែនាំអំពីការជ្រើសរើសជំនាញ និងសាកលវិទ្យាល័យៗនៅប្រទេសចិន ជាពិសេសនៅទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងធានជីង និងនៅតាមបណ្តាខេត្តមួយចំនួនទៀតនៅប្រទេសចិន។

កញ្ញា ហោ រស្មី បានលើកឡើងថា ក្រោយពីរដ្ឋាភិបាលចិន បើកប្រទេសជាប្រក្រីតីឡើងវិញ យុវជននិស្សិតយើង មានចំណាប់អារម្មណ៍ជាខ្លាំង ក្នុងការបន្តសិក្សានៅប្រទេសចិន តាមរយៈការប្រឡងប្រជែងទទួលបានអាហារូបករណ៍ និងការស្នើសុំអាហារូបករណ៍តាមអនឡាញទៅកាន់សាលាផ្ទាល់។

កញ្ញាបានបញ្ជក់ថា បច្ចុប្បន្ននេះ និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិនសរុបមានចំនួន ១,០១០នាក់ (នារី ៤៣២នាក់) ក្នុងនោះមាននិស្សិតថ្នាក់បណ្ឌិតចំនួន១៨នាក់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២២៣នាក់ ថ្នាក់បរិញ្ញាបត្រចំនួន៧០៧នាក់ បរិញ្ញាបត្ររង ចំនួន៣នាក់ និងថ្នាក់ភាសាចិន ចំនួន៥៩នាក់ ដែលសិក្សាក្នុងខេត្តក្រុងចំនួន២៦។

ដោយឡែកថ្មីនេះ សន្និបាតប្រចាំឆ្នាំសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ កញ្ញា ហោ រស្មី ត្រូវបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តបន្តកាន់ប្រធានសមាគមនិស្សិត អាណត្តិទី៦ បន្ទាប់កាន់អាណត្តិទី៥រយៈពេល១ឆ្នាំកន្លងមក ជាមួយសមិទ្ធផលជាច្រើន ជាពិសេសការជួយដល់និស្សិតប្រមាណ ៨០០នាក់ អាចត្រឡប់ទៅបន្តការសិក្សានៅប្រទេសចិនវិញ ចាប់ពីខែសីហា រហូតដល់ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ គណៈពេលនោះប្រទេសចិននៅមានភាពតឹងតែងចូលក្នុងប្រទេស។ ហើយនិស្សិតកម្ពុជា ក៏ជានិស្សិតបរទេសមុនគេ ដែលបានទៅបន្តការសិក្សានៅប្រទេសចិនដោយផ្ទាល់ឡើងវិញ ក្រោយទន្ទឹមរង់ចាំរយៈពេល៣ឆ្នាំ ដោយសារវិបត្តិកូវីដ១៩ ក្រោមការជួយជ្រោមជ្រែងពីសំណាក់រដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនោះផងដែរ លោក អ៊ុំ វុទ្ធទី ក៏បានបញ្ជាក់ផងដែរថា និស្សិតកម្ពុជាទាំងអស់ (ផ្នែកស៊ីវិល) ដែលសិក្សានៅប្រទេសចិន ទាំងនិស្សិតអាហារូបករណ៍ និងនិស្សិតបង់ថ្លៃ សុទ្ធតែជាសមាជិក សមាជិការបស់សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រៀបបាននឹងរស់នៅក្នុងផ្ទះតែមួយ គ្រួសារខ្មែរតែមួយ ដែលចាំបាច់ត្រូវការសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ជាមួយគ្នាដែរនេះ និស្សិតកម្ពុជាសិក្សាប្រទេសចិន មានក្តីរំភើបសប្បាយរីករាយណាស់ ក្រោយពីបានទទួលដំណឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រោងទៅទស្សនកិច្ចផ្លូវការនៅទីក្រុងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុននេះ។ ហើយសមាគមនិស្សិត ក៏ដាក់ត្រៀមក្រុមការងាររៀបចំនិស្សិត និងបានដាក់លិខិតស្នើសុំចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ក្នុងអំឡុងពេលទស្សកិច្ចរបស់សម្តេចនៅទីក្រុងប៉េកាំង៕