(ព្រះវិហារ)៖ អគាររដ្ឋបាល និងសាលប្រជុំ ថ្មី របស់រដ្ឋបាលស្រុករវៀង ខេត្តព្រះវិហារ ជាគម្រោងរបស់ក្រសួងមហាផ្ទៃ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ដើម្បីផ្តល់ជាទីកន្លែងសម្រាប់បំពេញការងារជូនប្រជាពលរដ្ឋរបស់មន្ត្រី ឱ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុករវៀង តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោក ហោ ប៊ុនហ៊ួរ អភិបាលស្រុករវៀង ព្រមទាំងថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោក អ៊ុក គឹមសាន្ត បានថ្លែងថា អគាររដ្ឋបាល និងសាលប្រជុំថ្មី របស់រដ្ឋបាលស្រុករវៀង ដែលបញ្ចុះបឋមសិលាសាងសង់នៅពេលនេះ ជាគម្រោងរបស់ក្រសួងមហាផ្ទៃ។

លោកថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, អគាររដ្ឋបាលតាមរាជធានី ខេត្ត និងក្រុង ស្រុក ទូទាំងប្រទេស ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ការបំពេញភារកិច្ចរបស់មន្ត្រី។

លោកអភិបាលរងខេត្តព្រះវិហារ ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុករវៀង បានថ្លែងណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅស្រុករវៀង ត្រូវខិតខំបំពេញតួនាទី ភារកិច្ចឱ្យកាន់តែខ្លាំងក្លាថែមទៀត ពិសេសលើការបំពេញការងារសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន ឱ្យបានរហ័ស តាមដែលអាចធ្វើទៅបាន ស្របតាមការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក៏ដូចជាការណែនាំរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងពិធីនេះក៏មានការរៀបចំសែនព្រេន ដោយរៀបចំនូវគ្រឿងសក្ការៈបូជា មានទៀន ធូប និងគ្រឿងបរិក្ខាជាច្រើនមុខទៀត តាមទំនៀមទំលាប់ប្រពៃណីដូនតា ដើម្បីសុំសេចក្តីសុខសប្បាយពីអ្នកតាម្ចាស់ទឹក ម្ចាស់ដី ដល់ក្រុមជាងដែលបាននឹងកំពុងសាងសង់អគាររដ្ឋបាលនិងសាលប្រជុំ រដ្ឋបាលស្រុករវៀងនាឱកាសនេះ។

លោក អ៊ុក គឹមសាន្ត និងលោក ហោ ប៊ុនហ៊ួរ ក៏បានចែកជូននូវថវិកាដល់លោកតាអាចារ្យចំនួន៤នាក់ ក្នុងម្នាក់ៗថវិកាចំនួន ១៨មុឺនរៀល និងលោកយាយ លោកតា ដែលបានចូលរួមចំនួន៣០នាក់ ក្នុងម្នាក់ៗថវិកាចំនួន ២មុឺនរៀលផងដែរ៕