(កំពត)៖ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញខេត្តកំពតបានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នកំពុងស្ថិតនៅក្នុងយុគសម័យបដិវត្តឧស្សាហកម្ម ៤.០ ប៉ុន្តែធនធានមនុស្សលើវិស័យនេះនៅមានកម្រិតនៅឡើយ ដូច្នេះយុវជនដែលជាអ្នកបន្តវេនត្រូវខិតខំសិក្សាស្វែងយល់អំពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលឱ្យបានច្បាស់ ដើម្បីអាចប្រកួតប្រជែង និងស្វែងរកភាពជោគជ័យដល់ខ្លួន និងសង្គមជាតិទៅថ្ងៃមុខ។

ថ្លែងនៅក្នុងវេទិកាយុវជន និងការងារលើវិស័យទេសចរណ៍ក្នុងបរិបទឧស្សាហកម្ម ៤.០ ដែលបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត នៅសាលសន្និសីទខេត្តកំពត នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោក ពេញ ធារម្យ អភិបាលរងខេត្តកំពត បានលើកឡើងថា កម្ពុជាពេលបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល ឬហៅថាយុគសម័យឧស្សាហកម្មឌីជីថល៤.០។ ការងារគ្រប់យ៉ាងនៅក្នុងសង្គមត្រូវបានពឹងផ្អែកទៅលើប្រព័ន្ធបច្ចេកវិទ្យា ប៉ុន្តែចំណេះដឹង និងធនធានមនុស្សលើផ្នែកនេះនៅមានកម្រិតណាស់។

លោកអភិបាលរងបានជំរុញឱ្យយុវជនដែលជាអ្នកបន្តវេន សិស្សនិស្សិតត្រូវខិតខំសិក្សាស្រាវជ្រាវលើការប្រើប្រាស់ប្រព័ន្ធឌីជីថល ពិសេសត្រូវចេះប្រើប្រាស់ពេលវេលា២៤ម៉ោងរបស់ខ្លួនឱ្យមានតម្លៃបំផុត។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត លោក មឿង គង្គា បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នសម័យឌីជីថលពិភពលោកនៅក្នុងដៃរបស់យើង ដូច្នេះក្នុងនាមជាយុវជនត្រូវបង្កើនសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាឱ្យបានច្បាស់លាស់ ដើម្បីអាចប្រកួតប្រជែងជាមួយយុវជនប្រទេសដទៃបាន។

នៅក្នុងអង្គវេទិកានេះមានយុវជនជាមន្ត្រីរាជការសិស្សនិស្សិតមកពីគ្រឹះស្ថានសិក្សានានាក្នុងខេត្តសរុបជាង៧០០នាក់ និងមានវាគ្មិនចូលរួមធ្វើបទបង្ហាញមានចំនួន៥រូប ដែលមានថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធបានលើកពីប្រធានបទទាក់ទងនឹងការវិវត្តរបស់ការងារប្រៃសណីយ៍ ទូរគមនាគមន៍ ព័ត៌មាន ទេសចរណ៍ ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពីតួនាទីយុវជន និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលបំណងឱ្យយុវជនបានយល់ពីតម្លៃនៃការអភិវឌ្ឍសមត្ថភាព និងបង្កើតការទទួលខុសត្រូវរបស់ខ្លួនក្នុងការងារជួយសង្គមជាតិនៅក្នុងយុគសម័យឌីជីថល៤.០៕