(មណ្ឌលគិរី)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញដល់អ្នកបច្ចេកទេស ជំនាញផ្នែកវិស័យកសិកម្ម ត្រូវគិតអំពីបច្ចេកទេសដាំដុះ ដែលអាចរកប្រាក់ចំណេញ និងការកាត់បន្ថយថ្លៃដើម របស់ប្រជាកសិករ ដោយមានទីផ្សារច្បាស់លាស់។

ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឌិត ទីណា អញ្ជើញចូលរួម ក្នុងពិធីដាក់ឲ្យប្រើប្រាស់ «សួនបច្ចេកវិទ្យាកសិកម្ម» នៃមជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហាររូបត្ថម្ភ (ស៊ីសេន) ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាថ្ងៃទី២៦ ខែមករា​ ឆ្នាំ២០២៣នេះ។

កម្មវិធីនេះ ក៏មានការចូលរួមពីលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ​និងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ព្រមទាំងតំណាងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំនៅកម្ពុជា, ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងប្រជាកសិករ សរុបចំនួនប្រមាណ១៥០នាក់។

លោក ឌិត ទីណា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំ​បានពន្យល់ទៅអ្នកបច្ចេកទេសទាំងអស់ថា ឲ្យគិតមិនត្រឹមតែបច្ចេកទេសដាំដុះនោះទេ តែជា​​បច្ចេកទេសដាំដុះ អាចរកប្រាក់ចំណេញបាន និងកាត់បន្ថយនូវថ្លៃដើមរបស់ពួកគាត់ (ប្រជាកសិករ)»។

លោក ឌិត ទីណា បានលើកឡើងថា ជាទូទៅប្រជាកសិករ គាត់ត្រូវការបច្ចេកទេស ដែលធ្វើឲ្យគាត់ដាំ ទៅមានផលចំណេញ មិនមែនត្រឹមតែបច្ចេកទេស ដែលអាចផលិតទៅបានល្អនោះទេ គឺបច្ចេកទេស ដែលអាចផលិតទៅបានផលចំណេញ ហើយមានទីផ្សារច្បាស់លាស់។

បន្ថែមពីនោះទៀត លោកបានឲ្យដឹងថា ក្រសួងនឹងសហការ ជាមួយដៃគូជាច្រើន ដោយអនុវត្តទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការជួយប្រជាកសិករ ដើម្បីជួយជំរុញទាំងអស់គ្នា ធ្វើយ៉ាងម្ដេច ដើរទៅតាមគោលនយោបាយ ជួយប្រជាកសិករពិតប្រាកដ កុំឲ្យមានតែផលិតភាព តែមិនមាននិរន្ដភាពផលចំណេញ។

លោក ឌិត ទីណា បានគូសបញ្ជាក់ថា ការងារទៅមុខទៀត កុំខ្លាចការប្រកួតប្រជែង ព្រោះថា ពិភពលោក គឺជាការប្រកួតប្រជែង នៅកន្លែងណាក៏ដោយ ក៏ការប្រកួតប្រជែង បើយើងមិនហ៊ានប្រកួតប្រជែងជាមួយគេ គឺយើងប្រាកដជាមិនមានគុណវុឌ្ឍិគ្រប់គ្រាន់នោះទេ។

លោកបានឲ្យដឹងទៀតថា គោលនយោបាយ របស់រដ្ឋាភិបាលទៅថ្ងៃមុខ ហើយអ្វីដែលក្រសួងកំពុងអភិវឌ្ឍន៍ដូចគ្នានេះ គឺរក្សាស្ថេរភាព ទាំងការផ្គត់ផ្គង់ ទាំងថ្លៃសម្រាប់ក្នុងស្រុក ហើយការធ្វើបែបនេះបាន គឺយើងមិនភ័យ នឹងការប្រកួតប្រជែងនោះទេ។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍ និងទូតអាមេរិក ដែលបានជួយជំរុញវិស័យកសិកម្ម ក៏ដូចជាការគាំទ្រ ដល់សួនបច្ចេកវិទ្យានេះឡើង ហើយលោកលើកទឹកចិត្ត ឲ្យធ្វើការដាំដុះឲ្យបានទៀងទាត់ និងតាមបច្ចេកវិទ្យា ដែលមានប្រភពច្បាស់លាស់ ដើម្បីពង្រីកទីផ្សារដាំដុះ និងបង្កើនគុណភាពផលិតផល។

លោក W.Patrick Murphy បានលើកឡើងថា សួនបច្ចេកវិទ្យាកសិកម្ម រាប់ទាំងទីតាំងថ្មី ក្នុងខេត្តមណ្ឌលគិរីនេះ ជាមណ្ឌលសម្រាប់អ្នកវិទ្យាសាស្រ្ត និងអ្នកជំនាញប្រើប្រាស់ដើម្បីអភិវឌ្ឍ ធ្វើតេស្តសាកល្បង ដាក់បង្ហាញ និងចែករំលែកបច្ចេកទេសនវានុវត្តន៍ ដែលមានសក្តានុពលខ្ពស់ ក្នុងការធ្វើប្រពលវប្បកម្ម និងកែប្រែប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាព។

លោកបានបង្ហាញមោទនភាព ចំពោះការគាំទ្ររបស់សាកលវិទ្យាល័យសហរដ្ឋអាមេរិក ដែលផ្តោតលើការផ្សព្វផ្សាយកសិកម្ម ដល់សួនបច្ចេកវិទ្យាកសិកម្មទាំងនេះ ក្នុងការដាក់បង្ហាញបច្ចេកវិទ្យានវានុវត្តន៍ ដើម្បីជួយកសិករបង្កើនផលិតកម្មកសិកម្ម និងធ្វើឲ្យប្រសើរនូវកម្រិតជីវភាពរបស់ពួកគេ។

លោក ថង សាវុធ បានឲ្យដឹងថា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «សួនបច្ចេកវិទ្យាកសិកម្ម» នេះ គឺពិតជាមានសារសំខាន់ណាស់ ក្នុងគោលបំណងដើម្បី៖

១៖ ផ្តល់វឌ្ឍនភាពបច្ចុប្បន្នភាព គម្រោងរបស់មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន ដែលបានអនុវត្ត នៃសួនបច្ចេកវិទ្យាកសិកម្ម និងសួនបច្ចេកវិទ្យា កសិកម្មខ្នាតតូច ដែលមជ្ឈមណ្ឌលបង្កើតឡើង តាំងពីឆ្នាំ២០១៦ ។
២៖ ប្រកាសបើកជាផ្លូវការ នៃពិធីសម្ពោធសួនបច្ចេកវិទ្យាកសិកម្ម ក្នុងខេត្តមណ្ឌលគិរី ក្នុងគោលបំណងបម្រើតួនាទីជាវេទិកា សម្រាប់ដាក់បង្ហាញនូវយុទ្ធសាស្ត្រ និងបច្ចេកវិទ្យាកសិកម្ម ដែលមានសក្តានុពលខ្ពស់ ដើម្បីធ្វើប្រពលវប្បកម្មប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ថា សួនបច្ចេកវិទ្យាកសិកម្មនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងជាថ្នាលសម្រាប់រៀនសូត្ររបស់កសិករ និងតួអង្គពាក់ព័ន្ធ, ជាទីតាំងសម្រាប់ការស្រាវជ្រាវ, ជាថ្នាលសម្រាប់កម្មវិធីហាត់ការកសិកម្ម ដល់និស្សិត និងកសិករ, ជាកម្មវិធីសហការអនុវត្តសកម្មភាពជាមួយដៃគូ និងជាវេទិកាភ្ជាប់ទំនាក់ទំនង ជាមួយវិស័យឯកជន។

សួនបច្ចេកវិទ្យាកសិកម្មនេះ ស្ថិតក្នុងទីធ្លាមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ទើបតែចាប់ផ្តើមរៀបចំ សកម្មភាពប៉ុន្មានខែចុងក្រោយនេះ ដែលទាមទារនូវការរៀបចំ និងកែលម្អបន្ថែមទៀត ដើម្បីក្លាយជាទីតាំង កាន់តែប្រសើរមួយ សម្រាប់ចូលរួម និងបម្រើជាផលប្រយោជន៍ ដល់ការអភិវឌ្ឍវិស័យកសិកម្ម នៅប្រទេសកម្ពុជា៕