(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហែធម្មយាត្រាពីភ្នំពេញទៅខេត្តពោធិ៍សាត់ ដោយមានសមាជិកចូលរួមចំនួន ៥០នាក់។

ការអនុញ្ញាតរបស់ក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីមានសំណើរបស់ លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលស្នើសុំហែធម្មយាត្រារបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យពីភ្នំពេញ ទៅខេត្តពោធិ៍សាត់ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

លិខិតក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន​ Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដង្ហែធម្មយាត្រាមានអ្នកចូលរួមប្រមាណ៥០នាក់ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង៧ និង៣០នាទីព្រឹក ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។

ទោះជាយ៉ាងនេះក្តី ក្រសួងមហាផ្ទៃ ស្នើឱ្យប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវធ្វើការសម្របសម្រួល និងសហការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តពាក់ព័ន្ធ ដើម្បីកំណត់អំពីទីតាំងជួបជុំ តម្រាយផ្លូវធ្វើ ដំណើរឆ្លងកាត់ និងទីកន្លែងបញ្ចប់ការដង្ហែក្បួនធម្មយាត្រា ដើម្បីធានាបាននូវសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងត្រូវគោរព និងអនុវត្តនូវវិធានសុខាភិបាលដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានាផងដែរ៕