(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាដែលជាសាកលវិទ្យាល័យគ្រប់គ្រងដោយរដ្ឋព្រមទាំងផ្តួចផ្តើមកសាងដោយសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សប្បុរសជននានាក្នុងនិងក្រៅប្រទេសសំរេចបានកសាងសង់៧០ភាគរយ ហេីយ រួមទាំងគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ខែ ឧសភា ឆ្នាំ ២០២៣ នាពេលខាងមុខ។

ក្នុងពិធីចែកជូនអំណោយជូនក្រុមការងារនិងកម្មករសាងសង់ចំនួន១៣០នាក់ និងយាងចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សានៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានៅរសៀលថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៣នេះសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានបន្ទូលថា៖ ក្នុងនាមជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យសូមថ្លែងអំណរគុណ ដល់ញាតិញោមក្រុមការងារសាងសង់និងកម្មករទាំងអស់ ដែលបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តដោយខិតខំជួយកសាងទាំងថ្ងៃទាំងយប់ដើម្បីអោយបានបញ្ចប់នៃកាសាងសង់នាពេលខាងមុខ សូមញាតិញោមទទួលនូវ ការថ្លែងអំណរគុណ និងទទួលយកអំណោយដែលបានចែកជូនទាំងនេះ។

សម្តេចបានមានបន្ទូលបន្តថា៖អំណោយទាំងនេះគឺទទួលបានមកពីកានិមន្តទៅកម្មវិធីផ្សេងៗដែលប្រជាពុទ្ធបរិស័ទរួមទាំងបានមកពី​សប្បុរស​ជននានា ដែលបានចូលបុណ្យមកសូមញាតិញោមទទួលដោយក្តីជ្រះថ្លាផងចុះ សូមបញ្ជាក់ជូនថា៖អំណោយយកមកចែកជូនពេលនេះក្នុងម្នាក់ៗទទួលបាន អង្ករ ២៥ គីឡូ មី១កេស រួមទាំង ថវិការមួយចំនួនផងដែរ។

ក្រោយពីបញ្ចប់នៅពិធីខាងលើ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី រួមដោយឯកឧត្តមឈិត សុគន្ធី រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនាឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំព្រមទាំងក្រុមការងារសាងសង់បានយាងនិមន្តអញ្ជើញតពិនិត្យបច្ច្បុបន្នភាពនៃកាសាងសង់អគារសិក្សាសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៃពុទ្ធិកសាកលវិទ្យាល័យផងដែរ៕