(រតនគិរី)៖ រោងចក្រម្សៅមី «ជា ទូច» ត្រេឌីង នៅឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានស្រូបយកកម្មករជំនាញ និងកម្មករធម្មតាជាង១០០នាក់ កំពុងមមាញឹកទិញដំឡូងមីស្រស់ ដោយតម្លៃសមរម្យពោល គឺមិនចាំបាច់ដឹកទៅលក់នៅប្រទេសជិតខាងនោះទេ។

បើតាមលោកស្រី ជា ទូច នាយិកាក្រុមហ៊ុន ជា ទូច ត្រេឌីង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តរតនគិរី ឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះថា រោងចក្រម្សៅមីនេះ មានចង្វាក់ផលិតកម្មដ៏ធំតាមស្តង់ដាបរទេសដែលអាចទិញដំឡូងមីស្រស់យកមកកិនជាម្សៅមី សម្រាប់នាំចេញទៅក្រៅប្រទេស។

លោកស្រីបន្តថា ក្នុងមួយៗថ្ងៃក្រុមហ៊ុនអាចទទួលទិញពីក្រុមឈ្មួញកណ្តាលដឹកមកពីបណ្តាខេត្តមួយចំនួនដូចជា៖ ខេត្តឧត្តរមានជ័យ, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង និងក្នុងខេត្តរតនគិរី។ ដោយរោងចក្រអាចផលិតដំឡូងមីស្រស់ចំនួន ១,២០០តោន ទៅជាម្សៅមីបាន ៣០០តោន ក្នុងរយៈពេល២៤ម៉ោង។ ការទិញដំឡូងមីស្រស់ចូលរោងចក្រនៅថ្ងៃទី២៥ ខែមករា) តម្លៃក្នុង១គីឡូក្រាម ៤១០-៤២០រៀល ទៅតាមប្រភេទដំឡូងជាក់ស្តែង (មានដី,ឫស តិចឫច្រើន) ហើយកម្មករជំនាញនិងកម្មករធម្មតាទទួលបានប្រាក់ខែសមរម្យដោយផ្តល់កន្លែងស្នាក់នៅ, ការហូបចុក, ឈឺស្កាត់ថ្នាំពេទ្យជាដើម។

លោកស្រី ជា ទូច បានបន្ថែមថា រោងចក្រនេះអាចផលិតម្សៅមីក្នុងមួយឆ្នាំៗប្រមាណ២០០,០០០តោន សម្រាប់នាំចេញទៅក្រៅប្រទេសជាពិសេសទីផ្សារនៅប្រទេសចិន។ ទោះបីក្នុងបរិបទកូវីដ ១៩កន្លងទៅ ម្សៅមីដែលរោងចក្រផលិតបានមិនស្ទះទីផ្សារនោះទេ។

ទន្ទឹមនោះដែរ លោកស្រី ជា ទូច ក៏បានអំពាវនាវដល់ប្រជាកសិករដាំឡូងមីទាំងអស់ ត្រូវគិតពីតម្លៃសេដ្ឋកិច្ចពោល គឺលក់ដំឡូងស្រស់ចំណេញជាងលក់ដំឡូងមីក្រៀម ហើយក្រុមហ៊ុននឹងទទួលទិញគ្រប់រដូវតាមតម្លៃទីផ្សារមិនចាំបាច់ដឹកទៅលក់ក្រៅប្រទសទេ។

ចំណែកឯលោក សែម រឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃដដែលនេះថា ផ្ទៃដីដាំដំឡូងមី សរុបទូទាំងខេត្តមាន ១៦,១២៣ហិកតា កំពុងប្រមូលផលប្រមាណ៦០% នៃផ្ទៃដីដាំដំឡូងសរុប៕