(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិកម្ពុជា និងលោក ហាយ៉ាហ្ស៉ី យ៉ូហ្ស៉ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន បានឯកភាពគ្នាបន្តកម្មវិធីសម្រាប់អ្នកនយោបាយវ័យក្មេងកម្ពុជា ក្រោយខកខានដោយសារកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន របស់លោក ប្រាក់ សុខុន ចាប់ពីថ្ងៃទី២១ ដល់២៤ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះប្រជាធិបតេយ្យនៅកម្ពុជា រដ្ឋមន្ត្រីការបរទេសទំាងពីរបានឯកភាពឲ្យមានការចាប់ផ្តើម ឡើងវិញនូវកម្មវិធីសម្រាប់អ្នកនយោបាយវ័យក្មេងកម្ពុជា ដែលត្រូវបានខកខានដោយសារជំងឺរាតត្បាតសកល ដើម្បីស្វែងយល់ពីដំណើរការលទ្ធិប្រជាធិបតេយ្យពហុបក្ស នៅប្រទេសជប៉ុន និងបានសម្តែងនូវការប្តេជ្ញាក្នុងការរក្សាខ្ជាប់នូវកិច្ចសន្ទនា ស្តីពីស្ថានភាពសិទ្ធិមនុស្ស ដែលមានស្រាប់រវាងប្រទេសទំាងពីរ»។

លោករដ្ឋមន្ត្រីទំាងពីរក៏បានពិចារណាជាវិជ្ជមាន ក្នុងការដំឡើងកម្រិតយន្តការ ពិគ្រោះយោបល់ទ្វេភាគីបច្ចុប្បន្ន ពីថ្នាក់ឧត្តមមន្ត្រី ទៅថ្នាក់អនុរដ្ឋមន្ត្រី។

បើតាមក្រសួងការបរទេស ក្នុងឱកាសទស្សនកិច្ចនេះ រដ្ឋមន្ត្រីទំាងពីរមានជំនួបទ្វេភាគី ដោយបានពិភាក្សាដោយត្រង់ទៅត្រង់មក និងប្រកបដោយផ្លែផ្កាអំពីវិធីសាស្ត្រ និងមធ្យោបាយនានា ក្នុងការធ្វើឱ្យកាន់តែស៉ីជម្រៅ និងពង្រីកបន្ថែមទៀតនូវ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលទើបត្រូវបានដំឡើងកាលពីពេលថ្មីៗនេះ លើវិស័យជាច្រើន រួមមាន នយោបាយ សន្តិសុខ និងការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបោសសម្អាតមីន និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងការលើកស្ទួយប្រជាធិបតេយ្យនៅកម្ពុជា៕