(កណ្ដាល)៖ លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានយកអំណោយជូនរដ្ឋបាលខេត្តកណ្ដាល ដើម្បីជួយផ្គត់ផ្គង់ដល់ពលរដ្ឋដែលរងគ្រោះដោយសារបាក់ច្រាំងព្រែកថី នៅក្រុងតាខ្មៅ ពិសេសផ្ដាំផ្ញើឲ្យដោះស្រាយបញ្ហាទឹកស្អាតជូនពួកគាត់បានប្រើប្រាស់ឲ្យបានគ្រប់គ្រាន់នាអំឡុងពេលកំពុងស្នាក់នៅទីតាំងបណ្ដោះអាសន្ន។

នៅក្នុងឱកាសនោះលោក ឡុង ណារ៉ូ បានរៀបរាប់ពីគម្រោងអភិវឌ្ឍ ក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល សំដៅធានាឱ្យការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល ពិសេសតំបន់ប្រជុំជន ទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។

លោកបន្តថា ការនាំយកអំណោយមនុស្សធម៌ មកផ្ដល់ជូននៅពេលនេះ គឺជាការយកចិត្តទុកដាក់ណែនាំពីទេសរដ្ឋមន្ត្រីកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានណែនាំដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវយកចិត្តទុកដាក់ផ្គត់ផ្គង់ទឹកស្អាតជូនបងប្អូនប្រជាពលរដ្ឋដែលបានបាក់ស្រុតច្រាំងព្រែក ក្នុងភូមិសាស្ត្រក្រុងខ្មៅ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ឱ្យមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។

ជាមួយគ្នានេះលោក គង់ សោភ័ណ្ឌ បានចាត់ទុកថា អំណោយដែលបានមកពេលនេះ គឺពិតជាសំខាន់សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងអ្នកដែលបានរងនូវផលដោយគ្រោះជំនន់ទឹកភ្លៀងនារដូវប្រាំងនេះ។

ឆ្លៀតឱកាសនេះ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណជូនចំពោះទឹកចិត្តចិត្តសប្បុរសធម៌ និងកាយវិការដ៏ប្រពៃ ក្នុងការចូលរួមចែករំលែកប្រកបដោយគុណធម៌ ក្នុងកិច្ចការមនុស្សធម៌ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងខេត្តកណ្ដាល។

ទន្ទឹមនឹងនេះដែរ លោកហួត វណ្ណថូ ប្រធានមន្ទីរឧស្សាហកម្មខេត្តកណ្ដាល បានថ្លែងមកកាន់អ្នកយកព័ត៌មាន Fresh News ថា លោកបានរៀបចំឲ្យបានល្អចំពោះការផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននេះធ្វើយ៉ាងផ្ដល់ទឹកស្អាតជូនពួកគាត់ប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ស្របតាមអនុសាសន៍របស់លោកទេសរដ្ឋមន្ត្រី និងលោកអភិបាលខេត្ត។

សូមបញ្ជាក់ថា អំណោយដែលរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ បានប្រគល់ជូនរដ្ឋបាលខេត្តកណ្ដាល នាពេលនេះ រួមមាន អង្ករ ចំនួន ១០តោន ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ ទឹកសិទ្ធ ១០០កេសតូច និងមីម៉ាម៉ា ១០០កេសធំ៕