(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃពុធនេះថា អាជ្ញាធរនៅក្នុងរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង បានបញ្ជាឲ្យបិទទីក្រុងរយៈពេល៥ថ្ងៃ ដោយសារតែការកើនឡើងនៃករណីជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរមួយ តែមិនបានបញ្ជាក់ព័ត៌មានលម្អិតនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣។

ដោយដកស្រង់សេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលកូរ៉េខាងជើង ទីភ្នាក់ងារសារព័ត៌មាន NK News ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បានរាយការណ៍ដោយមិនបានលើកឡើង ឲ្យច្បាស់អំពីជំងឺកូវីដ១៩ នោះទេ ប៉ុន្តែបានឲ្យដឹងថា អ្នករស់នៅក្នុងទីក្រុងព្យុងយ៉ាង ត្រូវតម្រូវឲ្យស្នាក់នៅក្នុងផ្ទះរបស់ពួកគេ រហូតដល់ថ្ងៃអាទិត្យសប្តាហ៍នេះ ហើយត្រូវទទួលការ ពិនិត្យកំដៅជាច្រើនដងក្នុងមួយថ្ងៃ។

កាលពីថ្ងៃ អង្គារសប្តាហ៍នេះ NK News បានរាយការណ៍ថាប្រជាជនក្នុងទីក្រុងក្រុងព្យុងយ៉ាង ទំនងជាកំពុងទិញទំនិញស្តុកទុកក្នុងការប្រមើលមើលពីវិធានការតឹងរ៉ឹង របស់រដ្ឋាភិបាល ខណៈមិនច្បាស់ទេថាតើតំបន់ផ្សេងទៀតនៃប្រទេសត្រូវបានបិទឬអត់។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានទទួលស្គាល់ពីការផ្ទុះឡើងជាលើកដំបូងនូវជំងឺកូវីដ១៩ ក្នុងប្រទេសរបស់ខ្លួនកាលពីឆ្នាំ២០២២ ហើយនៅខែសីហា ឆ្នាំដដែល កូរ៉េខាងជើង បានប្រកាសពីជ័យជម្នះទាំងស្រុងលើបញ្ហាជំងឺកូវីដ១៩។ កូរ៉េខាងជើងត្រូវបានគេរាយការណ៍ថាមានអ្នកឆ្លងកូវីដ១៩ ប្រហែលជា ៤.៧៧លាននាក់ នៅក្នុងចំណោមប្រជាជន សរុប២៥លាននាក់។ ប៉ុន្តែ ទីក្រុងព្យុងយ៉ាងបានបញ្ឈប់ការរាយការណ៍ពីករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ តាំងតែពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២មកម្ល៉េះ៕