(កំពត)៖ នាឱកាសបុណ្យចូលឆ្នាំចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែមករា ឆ្នាំ២០២៣ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបជាង៨ម៉ឺននាក់។ នេះបើតាមលោក សយ ស៉ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ដែលបានបញ្ជាក់ប្រាប់ Fresh News នាថ្ងៃអង្គារនេះ។

លោក សយ ស៉ីណុល បានឱ្យដឹងថា «នាឱកាសបុណ្យចូលឆ្នាំចិនរយៈពេល៣ថ្ងៃ ២២-២៤ ខែមករា នៅខេត្តកំពតទទួលបានភ្ញៀវទេសចរសរុប៨២,១៩៩នាក់ កើនឡើង១៩ភាគរយ ក្នុងនោះភ្ញៀវមាន៨១,៣៥២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៨៤៧នាក់»

លោកបានបន្តថា មន្ទីរទេសចរណ៍ខេត្តកំពតបានចាត់ក្រុមការងារចុះតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ គោលដៅទេសចរណ៍ និងតាមសេវាកម្មនានា ដើម្បីណែនាំលើការងារបដិសណ្ឋារកិច្ច ការគ្រប់គ្រងសំណល់រឹង-រាវ ពង្រឹអនាម័យចំណីអាហារ ការរក្សាតម្លៃសេវាកម្មឱ្យបានសមស្រប និងសហការជាមួយសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនភ្ញៀវ។

លោកប្រធានមន្ទីរទេសចរណ៍បានបន្តថា ស្ថានភាពនៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍នានា ក្នុងរយៈពេល៣ថ្ងៃនេះដែរ គឺដំណើការទៅដោយរលូន ពុំមានបាតុភាពអវិជ្ជមានអ្វីគួរឱ្យកត់សម្គាល់ឡើយ៕