(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយរងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកស្រី ប៉ែន ចន្នី បានជួបសំណេះសំណាលជាមួយយាយជីតាជី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ និងយុវជននៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រមាណជាង២ពាន់នាក់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបន្តថា សម្ដេចតេជោ ហ៊ុន សែន បានតស៊ូប្រឹងប្រែងឆ្លងកាត់គ្រប់ឧបសគ្គរាប់រយជំពូក និងបានចំណាយសាច់ស្រស់ឈាមស្រស់បានលះបង់គ្រប់បែបយ៉ាង ទាំងជីវិត គ្រួសារ ដើម្បីរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិពិតប្រាកដទូទាំងប្រទេស ព្រមទាំងជំរុញការអភិវឌ្ឍប្រទេសតាំងពីចំណុចសូន្យរហូតមានការអភិវឌ្ឍលើគ្រប់វិស័យរហូតដល់សព្វថ្ងៃនេះ។

នាយឧត្តមសេនីយ៍ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ សែន បានគិតគូរពីសុខទុក្ខជីវភាពរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាក់ស្ដែងនៅក្នុងអំឡុងពេលការរាលដាលខ្លាំងជំងឺកូវីដ១៩ជាសកល សម្ដេចបានស្វែងរកជំនួយវ៉ាក់សាំងពីបណ្ដាលប្រទេសជាមិត្ត និងបានបញ្ជាទិញវ៉ាក់សាំងយ៉ាងច្រើនលើសលប់ ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងបានដាក់ចេញនូវគោលនយោបាយជួយឧបត្ថម្ភថវិការជូនដល់កម្មកររោងចក្រ និងប្រជាពលរដ្ឋក្រីក្រ។ រហូតមកដល់សព្វថ្ងៃនេះ អត្រាការឆ្លងជំងឺកូវីដ១៩មានការថតចុះយ៉ាងទាបបំផុត ហើយគ្មានអ្នកស្លាប់ដោយជំងឺកូវីដ១៩នៅកម្ពុជា បានបើកសេដ្ឋកិច្ចជាតិឡើងវិញធ្វើឱ្យប្រជាពលរដ្ឋមានការងារចំណូលរស់នៅជាប្រក្រតីជាធម្មតា។

លោកបន្តថា សម្ដេចតេជោ សែន ជាមេដឹកនាំដ៏ល្អបានដឹកនាំប្រទេសឈរនៅលើផ្លូវត្រូវធ្វើឱ្យពិភពលោកទទួលស្គាល់កម្ពុជាលើឆាកអន្តរជាតិ សម្ដេចជាជាវីរបុរសរបស់កម្ពុជាពិតប្រាកដជាស្ថាបនិកសន្តិភាព ការពារបូរណភាពទឹកដីមិនក្បត់ឧត្ដមគតិជាតិ មិនដោះដូរអធិប្បតេយ្យភាពជាតិជាមួយ និងផលប្រយោជន៍បរទេសឡើយ។

លោកបានអរគុណសន្តិភាព និងស្ថាបនិកសន្តិភាព និងបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា និងដឹងគុណសន្តិភាព ពីព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃប្រៀបបានដូចបំពង់អុកស៊ីសែនសម្រាប់ដកដង្ហើមសម្រាប់មនុស្សជាតិលើពិភពលោក។

លោកបានបញ្ជាក់ថា ការពារសន្តិភាពនៅកម្ពុជា ដើម្បីបន្តភាពរឹងមាំស្ថិតស្ថេរគង់វង្សជាអមតៈ មិនអនុញ្ញាតឱ្យជនអគតិមួយចំនួនតូចណាមួយមកបំផ្លាញសន្តិភាពនៅកម្ពុជាបានឡើយ។

លោកបន្តទៀតថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ សែន ជាប្រមុខដឹកនាំ បានបង្ហាញឆន្ទៈដ៏ប្តូរផ្តាច់ និងសកម្មភាពប្រកបដោយផ្លែផ្កា ក្នុងការអនុវត្តកំណែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅទាំងឡាយ ដែលកាន់តែពង្រីកបាននូវលក្ខណៈសម្បត្តិអនុគ្រោះថែមទៀតដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យ បច្ចុប្បន្នយើងអាចមើលឃើញផ្ទាល់ភ្នែកនូវសមិទ្ធផលលើគ្រប់វិស័យដ៏ច្រើនស្អេកស្កះនៅគ្រប់ទិសទីទូទាំងប្រទេសនូវស្នាដៃធំៗជាច្រើន លើការថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដែលនាំអោយវិស័យសេដ្ឋកិច្ច សង្គមកិច្ច មានការរីកចម្រើនគួរជាទីមោទនៈ ព្រមទាំងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស លើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា ប្រព័ន្ធផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវលំ ជនបទ សួនច្បារ មណ្ឌលកីឡា សាលារៀន មន្ទីរពេទ្យ អគាររដ្ឋបាល សំណង់សិល្បះការណ៍ ប្រព័ន្ធធារាសាស្ត្រ ដែលផ្តល់នូវកាលានុវត្តភាព នៃការអភិវឌ្ឍន៍។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រីបានប្រគេនបច្ច័យដល់វត្តត្រពាំងវែងសម្រាប់បន្តកសាងសមិទ្ធផលនានាថ្មីៗបន្ថែម មានទឹកប្រាក់ជាង៥ម៉ឺនដុល្លាសហរដ្ឋអាមេរិក។ ឧបត្ថម្ភគណបក្សស្រុក អង្ករ១០តោន និងគណបក្សស្រុកកណ្តាលស្ទឹង អង្ករ១០តោន ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់លោកតាលោកយាយជី ក្រុមប្រឹក្សាស្រុក ឃុំ លោកគ្រូអ្នកគ្រូ យុវជន ប្រជាពលរដ្ឋ និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀតផងដែរ៕