(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ) ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្មសម្រាប់សមាសភាគទី១ (ACSEP PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ នៃគម្រោង ACSEP សមាសភាគទី១ និងវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងសង្គម (ESMS)។

ពិធីនេះធ្វើឡើងនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់លោក សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងជាប្រធានគ្រប់គ្រងគម្រោង ACSEP PIU1 និងលោកស្រី Xin Ren អ្នកជំនាញការ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅសណ្ឋាគារសុខាភ្នំពេញ។

សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ១). ដើម្បីតាមដានវឌ្ឍនភាព ក៏ដូចជាវាយតម្លៃសមិទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ ២០២២ និងលើកទិសដៅការងារបន្ត ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២៣ ក្នុងក្របខណ្ឌគម្រោង ACSEP សមាសភាគទី១ ២).បណ្តុះបណ្តាលស្តីពីការរៀបចំប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងសង្គម ESMS ដល់ក្រុមការងារនៃអង្គភាពអនុវត្តគម្រោង ACSEP, ក្រុមការងារនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារស្ថាបនា ដែលជាស្ថាប័នហិរញ្ញវត្ថុដៃគូ និងភាគីពាក់ព័ន្ធ។

សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីសមាជិក និងទីប្រឹក្សារបស់ ACSEP PIU1, តំណាងមកពីអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃ ក.ស.ហ.វ., តំណាងមកពី ADB, តំណាងអង្គភាពអនុវត្តគម្រោងមកពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, តំណាងអង្គភាពអនុវត្តគម្រោងមកពីក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមបណ្តាខេត្តគោលដៅទាំង៦ (ខេត្តសៀមរាប ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ចាម និងខេត្តត្បូងឃ្មុំ), និងក្រុមការងារមកពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារស្ថាបនា៕