(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន បន្ដចាត់បញ្ជូនកម្លាំងភ្នាក់ងារសន្ដិសុខឯកជនរបស់ខ្លួន ដើម្បីចូលរួមជាមួយកងកម្លាំងមានសមត្ថកិច្ច ដើម្បីការពារព្រឹត្តិការណ៍ស៉ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងឱកាសអញ្ជើញបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៤៥ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ដែលបានចាត់បញ្ជូនកម្លាំងភ្នាក់ងារសន្តិសុខឯកជន ចូលរួមការពារព្រឹត្តការណ៍នានា ពិសេសថ្មីៗនេះ ចូលរួមការពារបើក-បិទកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ និងសូមកោតសរសើរដល់ភ្នាក់ងារសន្តិសុខឯកជន ដែលបានយកចិត្តទុកដាក់ ការគោរពវិន័យ គោរពបទបញ្ជា និងមានក្រមសីលធម៌ អប្បកិរិយាល្អ ក្នុងពេលបំពេញបេសកកម្មមួយនេះ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា វិស័យសន្តិសុខឯកជន គឺមានការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលមានចក្ខុវិស័យយ៉ាងម៉ត់ចត់ ក្នុងគោលបំណងជំរុញឲ្យវិស័យសន្តិសុខឯកជន មានការរីកចម្រើន ដើម្បីចូលរួមថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ឋាប់ធ្នាប់សាធារណ និងសង្គម។ ជាពិសេសបានដើរតួនាទីយ៉ាងសំខាន់ ដល់កងកម្លាំងមានសមត្ថកិច្ច ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាព។

ប្រធាននាយកដ្ឋានរូបនេះ បានបន្ដទៀតថា ការចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នេះ ពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើឲ្យភូមិ-ឃុំ-សង្កាត់ របស់យើងមានសន្តិសុខ សុវត្ថិភាព ពិសេស គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ ទើបធ្វើឲ្យយើងរស់នៅបានសុខដុមរមនា។

លោកបន្ថែមថា ការដែលចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» គឺត្រូវ ផ្តើមចេញពីយើងទាំងអស់គ្នា ពិសេសគឺភ្នាក់ងារសន្តិសុខឯកជន ដែលជាកម្លាំងជំនួយដល់កងកម្លាំងមានសមត្ថកិច្ច ដែលនៅឈរជើងជាប់ជាប្រចាំតាមបណ្តាគោលដៅនានា ២៤/២៤ម៉ោង ហេតុនេះហើយលោកសូមអំពាវនាវដល់កម្លាំងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ គឺត្រូវទប់សង្កាត់បទល្មើស និងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបបទល្មើសឲ្យទាន់ពេលវេលា។

បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី, នេះជាលើកទី៤៥ ដែលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន រៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ដល់ភ្នាក់ងារសន្តិសុខឯកជនបម្រើសេវាកម្ម និងមិនបម្រើសេវាកម្ម។ នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ ដែលកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃក្នុងការអនុវត្តការងារ។

ក្នុងនោះមានដូចជា៖ តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន, វិធីសាស្រ្តការពារគោលដៅ, ច្បាប់ចរាចរណ៍ផ្លូវគោក, របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច, ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ, វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម។

លោកប្រធាននាយកដ្ឋាន សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ត្រង់ត្រាប់ស្តាប់វាលឃ្មិនពន្យល់ ហើយក្រេបយកចំណេះដឹងទាំងនេះទៅបំពេញតួនាទីរបស់ខ្លួន ក្នុងផ្លូវវិជ្ជ មានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សារធារណៈ និងសង្គមជាតិយើងទាំងមូល៕