(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍កិត្តិ​សង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រគល់តួនាទី និងប្រកាសចូលកាន់តំណែងជាផ្លូវការរបស់លោកបណ្ឌិត ម៉ម វណ្ណឌី ក្នុងឋានៈជាទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

លោកបណ្ឌិត ម៉ម វណ្ណឌី ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឋានៈស្មើរដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ។

ការតែងតាំងបានធ្វើឡើងតាមការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្តល់ឱកាសជូនលោកបណ្ឌិត បានជួយបន្ថែមលើការងារគ្រោះមហន្តរាយ ដែលកន្លងមកលោកបណ្ឌិត បាន​ចូលរួមបម្រើការ​ងារសង្គម និងបានចូលរួមយ៉ាងសកម្មក្នុងការជួយបម្រើការងារគ្រោះមហន្តរាយ និង​ការងារអតីតយុទ្ធជនកម្ពុជា។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះលោកបណ្ឌិត ម៉ម វណ្ណឌី បានប្តេជ្ញាចិត្តខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ចំណេះដឹង និងបទពិសោធន៍ ដើម្បីចូលរួមចំណែកលើកកម្ពស់ និងពង្រឹងការងារគ្រប់គ្រង គ្រោះមហន្តរាយ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា។

នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី គន់ គីម បានសម្តែងនូវបីតិសោមនស្ស អបអរសាទរចំពោះវត្តមានរបស់លោកបណ្ឌិត ម៉ម វណ្ណឌី មកចូលរួមជួយការងារគ្រប់គ្រងគ្រោះមហន្តរាយ។ លោក គន់ គីម បានថ្លែងថា បញ្ហាគ្រោះមហន្តរាយនៅកម្ពុជានាពេលបច្ចុប្បន្នកាន់តែមានសភាពស្រួចស្រាវ ដែលទាមទារកម្លាំងកាន់តែច្រើន ដើម្បីរួមគ្នាដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា។

លោកទេសរដ្ឋមន្រ្តី បានចាត់ទុកវត្តមានរបស់លោកបណ្ឌិត ម៉ម វណ្ណឌី ជាកម្លាំងចលករថ្មីមួយបន្ថែមទៀត ដើម្បីឆ្លើយតបការងារគ្រប់គ្រងគ្រោះមហន្តរាយ និងឆ្លើយតបបញ្ហាបានកាន់តែប្រសើរជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋរងគ្រោះ។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្រ្តី គន់ គីម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសម្រេចបានលទ្ធផលគួរជាទីមោទន។ លោកទេសរដ្ឋមន្ត្រី បន្តថា នេះពិតជាបានចូលរួមចំណែកក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគត។

លោកក៏បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន ដើម្បីជាត្រីវិស័យចង្អុលបង្ហាញ និងបំភ្លឺបន្ថែមដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីគ្រប់នាយកដ្ឋានយកទៅដោះស្រាយ កែលម្អ សម្របសម្រួល សហការ និងអនុវត្តភារកិច្ចឲ្យចំទិសដៅ ទាន់សភាពការណ៍ មានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធភាពខ្ពស់ស្របតាម ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៩-២០២៣៕