(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជឿជាក់ថា ទីលានផ្នូរយុទ្ធជននៅខេត្តកោះកុង នឹងក្លាយជាទីតាំងសច្ចភាពប្រវត្តិសាស្ត្រយោធា ដែលបង្ហាញពីការតស៊ូលះបង់ ស្នេហាជាតិ ដើម្បីបូរណភាពទឹកដី សម្រេចបាននូវការកសាងសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ និងភាពសម្បូរសប្បាយរបស់ប្រជាជាតិកម្ពុជា មកដល់បច្ចុប្បន្ន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងបែបនេះ ខណៈអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីលានផ្នូរយុទ្ធជនពលី និងសមិទ្ធផលនានា នៅខេត្តកោះកុង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

សម្តេចពិជ័យសេនា ទៀ បាញ់ ដែលជាឥរស្សជនដ៏ឆ្នើមរូបចូលរួមផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បានគូសបញ្ជាក់ថា ទីលានផ្នូរយុទ្ធជននឹងជួយបណ្តុះស្មារតីស្នេហាជាតិ សាមគ្គីភាព ការឱ្យតម្លៃ និងដឹងគុណដល់កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយទៅលើការលះបង់ តស៊ូរបស់វីរយុទ្ធជន យុទ្ធនារី ដើម្បីជាតិមាតុភូមិនៅគ្រប់ពេលវេលា គ្រប់កាលៈទេសៈដោយមិនគិតពីទុក្ខលំបាក ដើម្បីជាតិរហូតកម្ពុជាមានភាពរីកចម្រើនលើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ។

ប្រមុខការពារជាតិបានគូសបញ្ជាក់បន្ថែមថា ការសាងសង់ទីលានផ្នូរយុទ្ធជននេះឡើង មិនត្រឹមតែជាទីឋានរំលឹកដល់កម្មាភិបាល យុទ្ធជនយុទ្ធនារី ដែលបានពលីជីវិតដើម្បីជាតិ មាតុភូមិ និងប្រជាជនប៉ុណ្ណោះទេ តែទីលាននេះនឹងក្លាយជាសំណង់ប្រវត្តិសាស្ត្របង្កប់ និងបង្ហាញនូវតម្លៃរួបរួមសាមគ្គី វប្បធម៌កតញ្ញូ និរន្តភាពនៃសង្គមជាតិទៀតផង។

សម្តេចបានលើកឡើងទៀតថា ពិធីសម្ពោធទីលានផ្នូរយុទ្ធជនខេត្តកោះកុង ក៏ជាសក្ខីភាពបានបង្ហាញពីតម្លៃសន្តិភាព និងការឯកភាពជាតិពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលប្រជាជនទូទាំងប្រទេសប្រសិទ្ធនាមថា ជាស្ថាបនិកឯក និងជាមគ្គុទ្ទេសក៍ឯក។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញជំនឿថា៖ «ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ទីលានផ្នូរយុទ្ធជននេះនឹងក្លាយជាទីតាំងសច្ចភាពប្រវត្តិសាស្ត្រយោធា បង្ហាញពីការតស៊ូ លះបង់ ស្នេហាជាតិ ដើម្បីបូរណភាពទឹកដីសម្រេចបាននូវការកសាងសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ និងភាពសម្បូរសប្បាយរបស់ប្រជាជាតិកម្ពុជា មកដល់បច្ចុប្បន្ន»

សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីគាំទ្រគ្រប់រាល់សកម្មភាពការសាងសង់សំណង់ប្រវត្តិសាស្ត្រនានា សម្រាប់ទុកជាសមិទ្ធផលជាតិ និងសង្គម។ សម្តេចបានថ្លែងអំណរគុណចំពោះក្រុមការងារជួសជុលសាងសង់ទីលានផ្នូរយុទ្ធជនខេត្តកោះកុង ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងសប្បុរសជន ដែលបានចូលរួមគាំទ្រឧបត្ថម្ភទាំងថវិកា និងសម្ភារៈ ជួសជុលសាងសង់ទីលានផ្នូរយុទ្ធជននេះ ប្រកបដោយជោគជ័យ។ សម្តេចសម្តែងការដឹងគុណចំពោះបងប្អូនកូនចៅក្រុមគ្រួសារនៃសព ដែលបានលះបង់ស្វាមី ភរិយា ឪពុក ម្តាយ បុត្រាបុត្រីក្នុងជួរកងយោធពលខេមរភូមិន្ទ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធនៃសពយុទ្ធជនទាំងអស់ សូមឆាប់បានទៅកាន់សុគតិភព។

បើតាមនាយឧត្តមសេនីយ៍ យន្ត មីន ប្រធានការងារសាងសង់ និងជួសជុលទីលានផ្នូរ បានឱ្យដឹងថា ការសាងសង់ទីលានផ្នូរនេះឡើងក្នុងគោលបំណងរំឮកគុណបំណាច់ និងឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានលះបង់អាយុជីវិត សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី និងប្រជាជនលើទឹកដីខេត្តកោះកុង និងបានបង្ហាញពីសក្ខីភាពមួយទៀតថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនយុទ្ធជន ដែលបានបំពេញបេសកកម្មក្នុងបុព្វហេតុជាតិ មាតុភូមិ ការពារបូរណភាពទឹកដី ការពារសុខសន្តិភាព និងសុខសុវត្ថិភាពជូនប្រជាជន។

នាយឧត្តមសេនីយ៍ យន្ត មីន បានឱ្យដឹងថា សម្រាប់ដំណើរការសាងសង់ទីលាននេះ គឺចំណាយអស់ថវិកា ៧៣៩,៣៧៣ដុល្លារ, ប្រាក់រៀលអស់ចំនួន ១៧៣,៩០០,០០០រៀល និងលុយបាតចំនួន១ម៉ឺនបាត។ សម្រាប់ថវិកាសាងសង់ផ្នូរយុទ្ធជនពលីនេះ គឺទទួលបានពីការចូលរួមពីសំណាក់សប្បុរសជននានា ដែលមានចំនួន៤១៧នាក់ រហូតសម្រេចជាជោគជ័យលើដំណើរការសាងសង់ផ្នូរដ៏ស្រស់ស្អាត សម្រាប់ជាការឧទ្ទិសដឹងគុណជូនអតីតយុទ្ធជន យុទ្ធនារីពលី ដើម្បីជាតិមាតុភូមិនាសម័យសង្គ្រាមស៉ីវិល។

សូមជម្រាបថា ផ្នូរយុទ្ធជនខេត្តកោះកុង ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់។ ផ្នូរយុទ្ធជននេះ មានទំហំដីជិត១ហិកតា ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ផ្នូរយុទ្ធជននេះ បានបញ្ចប់ដំណើរការសាងសង់នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ដែលជាថ្ងៃខួប៤៤ឆ្នាំ ទិវាជ័យជម្នះ ៧ មករា។

ក្នុងបរិវេណផ្នូរមានសពកម្មាភិបាល យុទ្ធជន យុទ្ធនារី មកពី១៨ រាជធានី-ខេត្ត ដែលបានពលីនៅក្នុងចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៨ ចំនួន៤៤៨សព ដែលសព១ គឺជាមន្ត្រីសាលាខេត្តកោះកុង បម្រើការផ្នែកអគ្គិសនី ហើយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ថ្មីៗនេះ បានរកឃើញនូវសពយុទ្ធជនចំនួន៥នាក់បន្ថែមទៀត ដោយមិនស្គាល់អត្ថសញ្ញាណ ដែលធ្វើឱ្យចំនួនសពបញ្ចុះនៅទីលាននេះមានចំនួន៤៥៣សព៕