(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងសណ្តស្ទឹងព្រែកត្នោត (ទំនប់៧មករា) ស្ថិតនៅស្រុកកណ្តាលស្ទឹង និងបន្តដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកនៅស្ពានព្រែកថី ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សកម្មភាពនេះធ្វើឡើងដើម្បីអន្តរាគមន៍ឆ្លើយតបសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង សង្កាត់ សហការជាមួយកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស កងកម្លាំងក្រសួងការពារជាតិ និងកងកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយ កំពុងបន្តចុះជួយសង្គ្រោះ និងរុះរើផ្ទះរបស់ប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងការបាក់ស្រុតចូលក្នុងព្រែក និងដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយការបាក់ស្រុតផ្ទះ ដើម្បីបញ្ជៀសបញ្ហាគ្រោះថ្នាក់ជាយថាហេតុ។

ស្ថិតក្នុងឱកាសចែកអំណោយក្នុងនាមកាកបាទក្រហម លោក គង់ សោភ័ណ្ឌ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានជំរុញទៅអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ទីរពាក់ព័ន្ធបន្តខិតខំជួយអន្តរាគមន៍នូវបញ្ហាជំនន់ទឹកភ្លៀងនេះ បើទោះបីមិនទាន់មានការប៉ះពាល់ដល់អាយុជីវិតពលរដ្ឋ តែត្រូវត្រៀមជានិច្ចហើយពិនិត្យលទ្ធភាពបន្ថែម។

ជាមួយគ្នានេះដែរ លោក គង់ សោភ័ណ្ឌ ក៏បានបញ្ជាឲ្យរុះរើផ្ទះទាំងអស់ទាំង៧៧ ដែលសង់រំលោភលើព្រែកថី ខណៈដែលផ្ទះចំនួន៦៧រងការខូចខាត ហើយផ្ទះបាក់ស្រុតទាំងស្រុងចូលព្រែកមានចំនួន៦ខ្នង៕