(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ជាថ្ងៃទី២ហើយនៃដំណើរការហ្វឹកហ្វឺន ការប្រើប្រាស់សម្ភារៈបច្ចេកទេសបោសសម្អាតមីន ជាពិសេសឧបករណ៍រាវមីន ដល់មន្រ្ដីជំនាញសកម្មភាពមីន នៃអង្គភាពផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្ននៃប្រទេសអ៊ុយក្រែន។

មន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះថា បន្ទាប់ពីកម្មវិធីបើកវគ្គហ្វឹកហ្វឺននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ម្សិលមិញ ដែលជាថ្ងៃទី១ នៃវគ្គបណ្តុះបណ្តាល មន្ត្រីជំនាញបច្ចេកទេសបោសសម្អាតមីនអ៊ុយក្រែង និងមន្ត្រីជំនាញ CMAC បានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក នៅក្នុងវិស័យមីន និងបានចែករំលែកអីពីប្រវត្តិបទពិសោធន៍សង្គ្រាមដែលប្រទេសទាំង២ បានជួបប្រទះក្នុងសង្គ្រាម និងការអភិវឌ្ឍក្រោយសង្គ្រាម។

ជាមួយគ្នានោះដែរមន្ត្រី CMAC ក៏បានគូសបញ្ជាក់អំពីតម្លៃនៃយុទ្ធសាស្ត្រឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យកម្ពុជាពន្លត់បានសង្គ្រាមទាំងស្រុងទូទាំងប្រទេស នៅឆ្នាំ១៩៩៨ ។

មន្ត្រីដដែលបន្តថា សម្រាប់ថ្ងៃទី២ នៃវគ្គហ្វឹកហ្វឺនដែលត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ មន្ត្រីជំនាញបោសសម្អាតមីនអ៊ុយក្រែន បានចាប់ផ្តើមសិក្សាពីទ្រឹស្តីនៃការប្រើប្រាស់ឧបករណ៍រាវមីន ប្រភេទអាលីស (ALIS) ដែលផលិតនៅប្រទេសជប៉ុន និងសិក្សាពីស្តង់ដារប្រតិបត្តិការ (SOP) ក្នុងការប្រើប្រាស់បច្ចេកវិទ្យាម៉ាស៊ីនបោសសម្អាតមីន រួមទាំងប្រវត្តិនៃការកកើតម៉ាស៊ីនវាវមីននេះផងដែរ។

បន្ទាប់មកនៅថ្ងៃទី២ដដែល មន្ត្រីជំនាញបោសសម្អាតមីនអ៊ុយក្រែន ក៏បានធ្វើការសិក្សាបន្ថែមអំពីការប្រើប្រាស់នឧបករណ៍រាវមីន ប្រភេទ អាលីស (ALIS) និងបានអនុវត្តន៍ផ្ទាល់នៅទីវាល ដើម្បីដឹងពីរបៀបប្រើប្រាស់ និងប្រសិទ្ធភាពរបស់ម៉ាស៊ីន ដូចជាពេលរាវប៉ះលោហៈធាតុ និងជាតិផ្ទុះ ឬបំនែកផ្សេងៗ វាផ្តល់សញ្ញាច្បាស់លាស់ឲ្យយើងដឹងក្នុងការវិនិច្ឆ័យ ថាតើវត្ថុធាតុដែលនៅក្រោមដីនោះ ជាអំបែង ឬក៏ជាគ្រាប់មីន តាមរយៈការផ្តល់រូបភាពដោយម៉ាស៉ីនស្កេន។

សូមជម្រាបថា មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានចាប់ផ្តើមបើកវគ្គហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីន ដល់មន្ត្រីជំនាញសកម្មភាពមីនរបស់ប្រទេសអ៊ុយក្រែននៅថ្ងៃម្សិលមិញ។ វគ្គហ្វឹកហ្វឺននេះមានរយៈពេល១សប្តាហ៍ ដោយមន្ត្រីទាំងនោះនឹងសិក្សាទ្រឹស្តី និងបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីន ក្នុងខេត្តកំពង់ឆ្នាំង បន្ទាប់មកទើបធ្វើទស្សនកិច្ចតាមការដ្ឋានដោះមីន នៅខេត្តបាត់ដំបង និងសៀមរាបជាដើ​ម៕