(ព្រះសីហនុ)៖ ស្រ្តីម្នាក់ត្រូវបានជនសង្ស័យភ្ជង់ប្លន់យកម៉ូតូ បានសម្រេច នៅវេលាម៉ោងប្រមាណជាង១១យប់ ថ្ងៃទី២៥​ ខែមិថុនា ឆ្នាំ២០១៦​ ស្ថិតនៅម្តុំក្បែរស្ពានអូរសំអាត ក្រុមទី១៣ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ប៉ុន្តែពេលដែលមានករណីនេះកើតឡើង ស្រាប់តែមានបុរសម្នាក់ រត់មកមើលក៏ត្រូវចោរបាញ់មួយគ្រាប់ បណ្តាលឲ្យរបួសជើងឆ្វេងតែម្តង។

សូមបញ្ជាក់ថា សកម្មភាពប្លន់បែបនេះ នៅក្នុងទឹកដីខេត្តព្រះសីហនុ ជាពិសេសក្រុងព្រះសីហនុតែម្តង បានស្ងាត់អស់រយៈពេលជាងមួយឆ្នាំមកហើយ ដោយសារតែកម្លាំងសមត្ថកិច្ច របស់ខេត្តមួយនេះ បានពង្រឹងយ៉ាងខ្លាំង និងទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព។

សមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍មកថា មានករណីប្លន់យកម៉ូតូពីស្ត្រីម្នាក់បានសម្រេច ហេីយហេតុការណ៍នេះ ក៏បណ្តាលឲ្យបុរសម្នាក់ ដែលជាពលរដ្ឋរស់នៅក្បែរខាងគ្នា រងរបួសជើងខាងឆ្វេង ដោយសារក្រុមចោបាញ់មួយគ្រាប់ ក្នុងពេលបុរសនោះចេញពីក្នុងផ្ទះមកមេីល ហេតុការណ៍ដោយចៃដន្យ។

ចំណែកស្ត្រីរងគ្រោះដែលត្រូវចោរប្លន់ យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរី២០១៦ នោះពុំមានគ្រោះថ្នាក់អ្វីទេ។

ស្ត្រីរងគ្រោះដែលត្រូវចោរប្លន់មានឈ្មោះ  លឹម  មុំ  អាយុ២៤ឆ្នាំមានទីលំនៅក្បែរកន្លែងកើតហេតុ។

បុរសដែលរងរបួសដោយគ្រាប់កាំភ្លេីងរបស់ក្រុមចោរឈ្មោះ ពល សាមាន អាយុ២៣ឆ្នាំ បាននិយាយថា នៅពេលកើតហេតុខ្លួនបានឮសម្លេងម៉ូតូឈប់ នៅក្បែរផ្ទះមានសម្លេងស្រីនិងប្រុស ស្មានថាជាសម្លេងគូសង្សារណាមួយ ក៏ចេញមកមេីល ប៉ុន្តែពេលបេីកទ្វារដើរផុតពីផ្ទះបន្តិចក៏ត្រូវបានគេបាញ់មកលើខ្លួនតែម្តង  ក្រោយមកទើបដឹងជាក្រុមចោរកំពុងប្លន់ម៉ូតូ។

ក្រោយកើតហេតុប្រមាណជិតកន្លះម៉ោង ស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុសិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣  ឯជនរងគ្រោះរបួសជើងកំពុងសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត​ ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា នៅពេលនេះកម្លាំងជំនាញរបស់លោក បាននិងកំពុងធ្វើការស្រាវជ្រាវយ៉ាងចិត្តទុកដាក់ ដើម្បីតាមចាប់ជនសង្ស័យ៕