(រតនគិរី)៖ ក្រសួងបរិស្ថាន នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ សម្រាប់មន្ទីរបរិស្ថានខេត្តរតគិរី ក្រោមអធិបតីភាពលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន។

លោក ងិន ណែល អភិបាលរងខេត្តរតនគិរី បានលើកឡើងនូវការបានគាំទ្រយ៉ាងដល់គោលនយោបាយអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព លើការងារការពារនិងអភិរក្សធនធានធម្មជាតិ និងកិច្ចគាំពារបវិស្ថាន តាមរយៈចូលរួមផ្សព្វផ្សាយ និងអប់រំជាសាធារណៈនូវច្បាប់ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានធម្មជាតិ និងពង្រឹងការអនុវត្តន៍លិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដែលពាក់ព័ន្ធនឹងការងារបរិស្ថានដោយខិតខំជំរុញការអនុវត្តការងារការពារ និងអភិរក្ស ធនធានធម្មជាតិ កិច្ចគាំពាបរិស្ថាន ដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សហការជាមួយអង្គភាពពាក់ព័ន្ធ ជាពិសេសមន្ទីរបរិស្ថានខេត្តរតនគិរី ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលកើតឡើងទៅតាមការចាំបាច់។

លោក ផៃ ប៊ុនឈឿន បានបន្តថា ការបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣នេះ គឺសម្រាប់ធ្វើការពិនិត្យនិងវាយតម្លៃលើសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក និងចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ ទស្សនទាន មេរៀន បទពិសោធ និងគំនិតផ្តួចផ្តើមថ្មីៗសម្រាប់ជាធាតុចូលក្នុងការរិះរកដំណោះស្រាយបញ្ហាប្រឈមនានាលើវិស័យបរិស្ថាន និងដាក់ចេញទិសដៅការងារឱ្យបានសមស្រប សំដៅលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍដោយចីរភាពឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ក្នុងឱកាសនោះ លោក ផៃ ប៊ុនឈឿន បានប្រគល់នូវសម្ភារៈជូនមន្ទីរបរិស្ថានខេត្ត រួមមាន អង្រឹង ម៉ុងប៉ារ៉ា ស្បែកជើង អាវភ្លៀង អាវរងារ សាក់កាដូ តង់កៅស៊ូ កាមែល ថ្នាំពេទ្យ សរុបចំនួន១៩ឈុតផងដែរ៕