(កោះកុង)៖ ទីលានផ្នូរយុទ្ធជនពលី និងសមិទ្ធផលនានា មានទំហំដីជិត១ហិកតា ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដែលចំណាយពេលសាងសង់ជាង១ឆ្នាំ គិតចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ចុងឆ្នាំ២០២២ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ។

ពិធីសម្ពោធបានធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកោះកុង តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការសាងសង់ផ្នូរនេះឡើង គឺដើម្បីឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារសាងសង់ទីលានផ្នូរយុទ្ធជននេះឡើង។ សម្តេចពិជ័យ ចាត់ទុកការរៀបចំទីលានផ្នូរយុទ្ធជននេះ ជាការដឹងគុណដល់អតីតយុទ្ធដែលមានគុណបំណាច់ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយក៏ជាការរៀបចំឱ្យសមនឹងកិត្តិយសដែលពួកគេបានធ្វើចំពោះជាតិ។

នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ បានឱ្យដឹងថា សម្រាប់ដំណើរការសាងសង់ទីលាននេះ គឺចំណាយអស់ថវិកា ៧៣៩,៣៧៣ដុល្លារ, ប្រាក់រៀលអស់ចំនួន ១៧៣,៩០០,០០០រៀល និងលុយបាតចំនួន១ម៉ឺនបាត។ សម្រាប់ថវិកាសាងសង់ផ្នូរយុទ្ធជនពលីនេះ គឺទទួលបានពីការចូលរួមពីសំណាក់សប្បុរសជននានា ដែលមានចំនួន៤១៧នាក់ រហូតសម្រេចជាជោគជ័យលើដំណើរការសាងសង់ផ្នូរដ៏មានស្រស់ស្អាត សម្រាប់ជាការឧទ្ទិសដឹងគុណជូនអតីតយុទ្ធជន យុទ្ធនារីពលី ដើម្បីជាតិមាតុភូមិនាសម័យសង្គ្រាមស៉ីវិល។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបរិច្ចាគថវិកាសាងសង់ទីលាន។ សម្តេច បានបំពាក់គ្រឿងឥស្សរយស និងប្រគល់បណ្ណថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់នោះផងដែរ។

សពអតីតកម្មាភិបាល និងអតីតយុទ្ធទាំង ៤៤៧សព រួមមានមកពីខេត្តកោះកុង ចំនួន២៨៧សព, ខេត្តកំពត ៤៤សព, ខេត្តកំពង់ស្ពឺ ៣៤សព, ខេត្តកណ្តាល ២៥សព, ខេត្តតាកែវ ១៧សព, ខេត្តព្រះសីហនុ ៨សព, ក្រុងភ្នំពេញ ៤សព, ខេត្តពោធិ៍សាត់ ៤សព, ខេត្តព្រៃវែង ២សព, ខេត្តស្វាយរៀង ៧សព, ខេត្តកំពង់ចាម ៤សព, ខេត្តកំពង់ឆ្នាំង ៤សព, ខេត្តកែប ២សព, ខេត្តសៀមរាប ១សព, ខេត្តរតនគីរី ១សព, ខេត្តក្រចេះ ១សព, ខេត្តបាត់ដំបង ១សព និងខេត្តកំពង់ធំ ១សព។ ក្រៅពីនេះ ក៏មានផ្នូរសពមន្ត្រីអគ្គិសនី១រូប និងយុទ្ធជន ៥រូបទៀត ទើបរកឃើញ ក៏បានរៀបចំតម្កល់នៅទីនេះផងដែរ៕