(ភ្នំពេញ)៖ សម្តេចតេជោ​ ហ៊ុន​ សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចចាត់តាំងក្រុមចុះជួយកសាងពង្រីកសមាជិកគណបក្ស នៅមូលដ្ឋានក្នុងរាជធានីភ្នំពេញ និងខេត្តនានា មានសមាសភាព ២០រូប ដោយក្នុងនោះមានអ្នកឧកញ៉ា បណ្ឌិត យូ សាម៉េត ជាប្រធាន។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

ក្រុមចុះជួយកសាងពង្រីកសមាជិកគណបក្ស នៅមូលដ្ឋានក្នុងរាជធានីភ្នំពេញ និងខេត្តនានា មានភារកិច្ចចូលរួមសហការជាមួយគណៈកម្មាធិការគណបក្សរាជធានី ខេត្ត ដែលមានការពាក់ព័ន្ធ ដើម្បីធ្វើការងារចលនាកសាងពង្រីកសមាជិកគណបក្សថ្មី នៅតាមមូលដ្ឋានក្នុងរាជធានីភ្នំពេញ និងខេត្តនានា។

អ្នកឧកញ៉ា បណ្ឌិត យូ សាម៉េត បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានផ្តល់ទំនុកចិត្តតែងតាំងលោកជាប្រធានក្រុមមួយនេះ។ លោកប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រីកសមាជិកគណបក្សប្រជាជនកម្ពុជា ឲ្យបានកាន់តែច្រើនផងដែរ ដើម្បីភាពរឹងមាំនៃគណបក្សទាំងមូល៕