(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ចំនួន ១៦៥រូប សម្រាប់ថ្នាក់កណ្ដាល និងសាខា ក.ប.ប. រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួម ក្នុងពិធីសម្បថ ដើម្បីបំពេញមុខងារ ជានគរបាលយុត្តិធម៌ ក្រោមច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ស្របតាមមាត្រា៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៅសាលាដំបូងរាជធានីភ្នំពេញ ដោយមានការអញ្ជើញ ចូលរួមពីលោក លោកស្រី តំណាងក្រុមប្រឹក្សាសម្បថ និងតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។

ការទទួលបាននីតិសម្បទា ជានគរបាលយុត្តិធម៌ របស់មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នេះ ដោយយោងតាមមាត្រា២៣ នៃច្បាប់ស្ដីពីសុវត្ថិភាព ម្ហូបអាហារបានកំណត់ថា «មន្រ្តីអធិការកិច្ចម្ហូបអាហារ ត្រូវទទួលនីតិសម្បទា ជានគរបាលយុត្តិធម៌ ឱ្យពិនិត្យបទល្មើស ដែលមានចែងក្នុងច្បាប់នេះ ស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ»

ស្របតាមនីតិវិធីច្បាប់ មន្រ្តីអធិការកិច្ចម្ហូបអាហារ របស់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ចំនួន៤០៦ រូប ត្រូវបានផ្ដល់នីតិសម្បទា ជានគរបាលយុត្តិធម៌ ក្រោមច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ តាមរយៈ ប្រកាសអន្តរក្រសួង រវាងក្រសួងយុត្តិធម៌ និងក្រសួងពាណិជ្ជកម្ម លេខ១៩៧ កយ.ប្រក/២២ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. ត្រូវបានផ្តល់នីតិសម្បទា ជាមន្ត្រីនគរបាលយុត្តិធម៌ ឬនគរបាលយុត្តិធម៌ ក្រោមច្បាប់ចំនួន៤ គឺ៖ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា, ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ ដែលផ្តល់សិទ្ធិ ក្នុងការស៊ើបអង្កេត ស្រាវជ្រាវ កំណត់បទល្មើស ពិន័យអន្តរការណ៍ លើអំពើល្មើសស្ថិតក្រោមច្បាប់ ទាំងបួនខាងលើ ឬកសាងសំណុំរឿងបញ្ជូនទៅតុលាការមានសមត្ថកិច្ច ក្នុងគោលបំណងការពារសុខុមាលភាពប្រជាពលរដ្ឋ និងផលប្រយោជន៍ របស់អ្នកប្រើប្រាស់ ជំរុញឱ្យការប្រកួតប្រជែងក្នុងពាណិជ្ជកម្មប្រព្រឹត្តទៅ ប្រកបដោយសមធម៌ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចតុកោណដំណាក់ទី៦។

ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្តលេខា ប្រកាសឱ្យប្រើកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ ច្បាប់នេះកំណត់អំពីក្របខ័ណ្ឌនិងយន្តការសម្រាប់គ្រប់គ្រង់ និងធានាសុវត្ថិភាព គុណភាព អនាម័យ និងភាពស្របច្បាប់ នៃម្ហូបអាហារ ក្នុងគ្រប់ដំណាក់កាល នៃខ្សែចង្វាក់ផលិតកម្មម្ហូបអាហារ ដើម្បីផ្តល់ការការពារសុខភាព និងសុវត្ថិភាពម្ហូបអាហារ សម្រាប់អ្នកប្រើប្រាស់ និងធានាឱ្យមានការ ធ្វើពាណិជ្ជកម្មម្ហូបអាហារ ប្រកបដោយភាពស្មោះត្រង់។

ក្នុងនោះដែរ ក្រសួងពាណិជ្ជកម្ម ដែលមានអគ្គនាយកដ្ឋាន ក.ប.ប. ជាសេនាធិការ មានសមត្ថកិច្ចដឹកនាំ សម្របសម្រួលការគ្រប់គ្រងគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ៕