(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវប្រជាពលរដ្ឋសូមយកសត្វពាហនៈទៅចាក់ថ្នាំបង្ការជំងឺឆ្លងផ្សេងៗបានគ្រប់ៗគ្នា។

លោក សាយ គឹមឡម បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងចុះធ្វើយុទ្ធនាការចាក់ថ្នាំបង្ការជំងឺឆ្លងដល់សត្វពាហនៈ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដោយមានកិច្ចសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ។

លោក សាយ គឹមឡម បានថ្លែងថា អាជ្ញាធរបានបើកយុទ្ធនាការចាក់វ៉ាក់សាំងថ្ងៃនេះ ដោយចាក់បង្ការជំងឺ អុតក្ដាម ដល់សត្វពាហនៈ៣៨៥ក្បាល ក្នុងនោះក្របី២៨៥ក្បាល ដែលនៅក្នុងភូមិបវែង និងចំបក់បញ្ញា ក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង។ លើសពីនេះសម្រាប់បណ្ដាភូមិឃុំផ្សេងទៀត គឺភ្នាក់ងារសុខភាពសត្វភូមិ នៅតែបន្តចាក់វ៉ាកសាំងបង្ការនេះជូនពលរដ្ឋរហូតចប់សព្វគ្រប់។

លោកក៏បានជំរុញឲ្យបងប្អូនប្រជាកសិករ ត្រូវមានការប្រុងប្រយត្ន័ខ្ពស់ចំពោះសត្វចិញ្ចឹមរបស់ខ្លួន ហើយប្រសិនបើមានបញ្ហាជំងឺអ្វីមួយកើតលើសត្វគោ ក្របី ត្រូវរាយការណ៍ជាបន្ទាន់ទៅមន្ត្រីជំនាញដើម្បីពិនិត្យ ចាក់វ៉ាក់សាំង និងព្យាបាលឲ្យបានទាន់ពេលវេលា។

លោកបានបន្តថា ការចាក់ថ្នាំការពារជំងឺទៅលើសត្វគោ ក្របី ត្រូវធ្វើឡើងតាមរយៈមន្រ្តី ចុះទៅដល់មូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ ឬតាមរយៈភ្នាក់ងារ ពេទ្យសត្វតាមភូមិ ហើយរាល់ការចាក់វ៉ាក់សំាងនេះ ពុំបានតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់ទេ គឺចាក់ជូនកសិករដោយឥតគិតថ្លៃឡើយ។

លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ក៏បានណែនាំដល់បងប្អូន ម្ចាស់សត្វពាហនៈទាំងអស់ត្រូវធ្វើអនាម័យដល់សត្វចិញ្ចឹមរបស់ខ្លួន ឲ្យបានជាប្រចាំនិងចេះតាមដានសុខភាពសត្វរបស់ខ្លួន ប្រសិនបើសុខភាពសត្វរបស់ខ្លួនមានភាពមិនប្រក្រតីសូមទាក់ទង ឬរាយការណ៍ជាបន្ទាន់ទៅភ្នាក់ងារសុខភាពសត្វភូមិ ឬអាជ្ញាធរដែនដី មេភូមិ មេឃុំ ឲ្យបានទាន់ពេលវេលាទើបពួកគាត់ជួយព្យាបាល និងទប់ស្កាត់ការឆ្លងរីករាលដាលនៅក្នុងសហគមន៍បាន៕