(កំពង់ធំ)៖ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានជំរុញគ្រប់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដល់ទីជនបទ និងស្នើឲ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់សុខមាលភាព ពិសេសការបន្ទោសបង់ពាសវាល ពាសកាល និងដើម្បីចូលរូមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ការជំរុញបែបនេះរបស់លោកបានធ្វើឡើងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបប្រចាំឆ្នាំ២០២២ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទថ្នាក់ខេត្ត ដោយមានការចូលរួមពីបណ្តាអង្គភាពមន្ទីរនានាអាជ្ញាធរ ក្រុង ស្រុក និងអង្គការដៃគូរអភិវឌ្ឍន៍ជាច្រើនផងដែរ។

លោក មុំ ចែម ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តកំពង់ធំ បានសង្កត់ធ្ងន់ទៅលើការរួមបញ្ចូលគ្នានូវកម្លាំងរបស់ស្ថាប័នរដ្ឋាភិបាល ភ្នាក់ងារអន្តរជាតិ ផ្នែកឯកជន និងសាធារណជនទូទៅ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ របស់សហគមន៍ជនបទ និងជំរុញសកម្មភាពដែលបង្កើតឡើងនូវផលិតកម្មប្រាក់ចំណូល និងការងារធ្វើដោយប្រើប្រាស់នូវបច្ចេកវិទ្យាសមស្របទៅតាមតម្រូវការ និងកន្លែងនីមួយៗនិងការកែលំអរសេដ្ឋកិច្ចជនបទ ដែលចាត់ទុកថាជាការងារអាទិភាពនោះ អាចជួយធ្វើឱ្យប្រែក្រឡះនូវនិន្នាការបច្ចុប្បន្នដោយស្ដារឡើងវិញនូវទំនុកចិត្តក្នុងជីវភាពជនបទ និងលើកទឹកចិត្តការអភិវឌ្ឍន៍សហគមន៍ដែលជួយលើកស្ទួយដល់កម្រិតជីវភាពរស់នៅជនបទ។

លោក ព្រឹម រដ្ឋា បានលើកឡើងថា ក្នុងកំណើនវិនិយោគទុន លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាការចាំបាច់សម្រាប់ប្រទេសកម្ពុជាក្នុងការសម្រេចឱ្យបានជោគជ័យនៅតំបន់ដាច់ឆ្ងាយពីវិស័យទឹកស្អាត និងអនាម័យសកល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លទ្ធផលនៃវឌ្ឍនភាពជាវិជ្ជមាននៃអនាម័យ កើតឡើងដោយសារការខិតខំប្រឹងប្រែងផ្ទាល់របស់រាជរដ្ឋាភិបាល គួបផ្សំនឹងការចូលរួមសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល ជាមួយដៃគូអភិវឌ្ឍ ក៏ដូចជាផ្នែកពាក់ព័ន្ធផ្សេងៗ រួមទាំងវិស័យឯកជនផងដែរ។

លោកអភិបាលរងខេត្ត ក៏បានស្នើដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវជួយយកទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យគិតពីបញ្ហាសុខភាព និងកៀគររកធនធានពីសប្បុរសជន ដៃគូអភិវឌ្ឍនានា ក្នុងការលើកកម្ពស់សុខភាព ហើយអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងយន្តការរបស់ខ្លួនដឹកនាំធានា ឱ្យមានអនាម័យស្អាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយអង្គភាពស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នា ដើម្បីផ្គត់ផ្គង់ទឹកស្អាត ដោយសហការជាមួយដៃគូអភិវឌ្ឍនានា នៅតាមមូលដ្ឋាននៅ តាមគ្រឹះស្ថានសិក្សា សាលាចំណេះទូទៅ ត្រូវយកចិត្តទុកដាក់សាងសង់សម្ភារទឹកស្អាត អប់រំសិស្សឱ្យយល់ពីផលវិបាកនៃការខ្វះអនាម័យនៅតាមសាលា និងគ្រួសារ ហើយគ្រប់គ្រួសារត្រូវសាងសង់បង្គន់ អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន ការអប់រំ និងផ្សព្វផ្សាយនូវចំណេះដឹងពីការលើកកម្ពស់សុខភាព និងអនាម័យនៅជនបទឱ្យបានទូលំទូលាយ និងបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលផងដែរ។

លោកបានជំរុញក្រុមការងារបច្ចេកទេសវិស័យផ្គង់ផ្គង់ទឹកស្អាត និងអនាម័យជនបទទាំងថ្នាក់ខេត្ត និងថ្នាក់ស្រុក ត្រូវខិតខំប្រឹងប្រែងក្នុងការគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ដែលបានកំណត់ថានៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅ សហគមន៍ជនបទ ត្រូវទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមាន អនាម័យប្រកបដោយនិវត្តរភាព៕