(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានបន្តជួបពិភាក្សាជាមួយប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើដីចំណីផ្លូវលេខ១៥១ ស្ថិតនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដើម្បីរកដំណោះស្រាយទាក់ទង និងការដោះដូរដីលំនៅដ្ឋាន និងបានពន្យល់ពីការតាំងទីលំនៅសព្វថ្ងៃបន្ថែមដល់ពួកគាត់ ខណៈរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្តល់ជូនដី ១ឡូតិ៍ ក្នុង១ខ្នងផ្ទះ មានទំហំ ៤.២ម៉ែត្រ គុណ ១៨ម៉ែត្រ។

កិច្ចពិភាក្សានេះ បានធ្វើឡើងក្រោមវត្តមានអភិបាករងខណ្ឌ គឺលោក ហូរ ហួត និងលោក ជា វិរៈ តំណាងលោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងមានការចូលពីលោកចៅសង្កាត់សំរោង និងមន្ត្រីភូមិបាលខណ្ឌ រួមទាំងអាជ្ញាធរមូលដ្ឋានមួយចំនួនផងដែរ។

បើតាមលោកអភិបាលរងខណ្ឌ បានបញ្ជាក់ប្រាប់ថា «កិច្ចពិភាក្សានេះ អាជ្ញាធរបានពន្យល់ពីការតាំងទីលំនៅសព្វថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងផ្សព្វអំពីការដោះស្រាយគោលនយោបាយរបស់សាលារាជធានីភ្នំពេញ ដល់ប្រជាពលរដ្ឋដែលកំពុងតែរស់នៅលើដីចំណីផ្លូវលេខ១៥១»

លោកអភិបាលរងខណ្ឌ បានឱ្យដឹងថា «បច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរកដំណោះស្រាយដោយបានផ្តល់ជូននូវដីទំហំ ៤.២ម៉ែត្រ គុណ ១៨ម៉ែត្រ ក្នុង១ខ្នងផ្ទះ ដែលមានទីតាំងលើផ្លូវ១៥១ ដូចគ្នា ប៉ុន្តែ មានចម្ងាយមិនដល់ ២គីឡូម៉ែត្រ ពីទីតាំងដែលពួកគាត់រស់នៅសព្វថ្ងៃនោះទេ ព្រមទាំងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ប្រព័ន្ធទឹក ភ្លើង ដែលបម្រើដល់ការរស់នៅរបស់ពួកគាត់បានសមរម្យ»

មន្ត្រីរដ្ឋបាលខណ្ឌ បានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋ ដែលព្រមទទួលយកការដោះស្រាយគោលនយោបាយរបស់រដ្ឋបាលរាជធានីភ្នំពេញ ពួកគាត់នឹងទទួលបានកម្មសិទ្ធិស្របច្បាប់ពីអាជ្ញាធរ។

មន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា ប្រជាពលរដ្ឋ រស់នៅសំណង់មិនរៀបរយនៅលើចំណីផ្លូវ១៥១ ក្នុងភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅនេះ មានប្រមាណ១០០ខ្នងផ្ទះដែលប៉ះពាល់ ដល់គម្រោង ពង្រីកផ្លូវ១៥១ ឲ្យបានធំទូលាយ ដើម្បីដោះស្រាយការកកស្ទះចរាចរជូនប្រជាពលរដ្ឋ ស្របតាមការរីកចំរើនរបស់រាជធានីភ្នំពេញ។

បើទោះជាបងប្អូន បាននិងកំពុងរស់នៅមិនស្របច្បាប់លើចំណីផ្លូវសាធារណៈណាក្តី ក៏អាជ្ញាធរបានគិតគូររៀបចំដីឡូតិ៍ស្របច្បាប់ ដែលនៅមិនឆ្ងាយពីទីតាំងចាស់ប្រមាណ១គីឡូម៉ែត្រ លើផ្លូវ១៥១ដដែល ជូនពួកគាត់ ដែលក្នុងមួយខ្នងផ្ទះ ទទួលបានដី១ឡូត៍ ទំហំ ៤,២ម៉ែត្រគុណ ១៨ម៉ែត្រ។

មន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា ចំពោះការផ្តល់ជូននេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានយល់ដឹង និងឯកភាពទទួលយកដីគោលនយោបាយខាងលើ។ ជាមួយគ្នានេះ មន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ និងបងប្អូនប្រជាពលរដ្ឋ បាននាំគ្នាទៅមើលទីតាំងដី និងអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមិនទាន់យល់ព្រម ពិចារណាឡើងវិញ កុំជឿលើការញុះញង់របស់គេ ដែលនាំឲ្យខាតបង់ពេលវេលា និងផលប្រយោជន៍របស់បងប្អូនតែប៉ុណ្ណោះ៕