(ភ្នំពេញ)៖ ក្នុងឱកាសចុះទស្សនកិច្ច ត្រួតពិនិត្យសកម្មភាពការងារ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) នាថ្ងទី១៦ ខែមករា ឆ្នាំ២០២៣នេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់អ្នកស្រាវជ្រាវ ចាប់ពីពេលនេះ រាល់ការស្រាវជ្រាវពូជស្រូវថ្មី ត្រូវធ្វើឡើងដោយផ្អែក ទៅលើប្រសិទ្ធភាពសេដ្ឋកិច្ច ពោលគឺពូជដែលផ្តល់នូវភាពងាយស្រួលដល់ការដាំដុះ និងមានតម្រូវការនៅលើទីផ្សារ ដើម្បីផ្តល់នូវនិរន្តភាព។

ក្នុងឱកាសនោះដែរ លោកបានលើកទឹកចិត្ត ឱ្យវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ចាប់ដៃគូជាមួយក្រុមហ៊ុនឯកជន នាពេលខាងមុខ ដើម្បីធ្វើការសិក្សាស្រាវជ្រាវរកអ្វីដែលថ្មី មានប្រយោជន៍សម្រាប់កសិករ ពោលគឺជាពូជស្រូវថ្មី ដែលងាយស្រួលដល់ការដាំដុះ មានភាពធន់នឹងអាកាសធាតុធន់នឹងសត្វល្អិត និងប្រើរយៈពេលដាំដុះខ្លីជាដើម ហើយជាពិសេសនោះ ជាស្រូវឬអង្ករដែលមានតម្រូវការនៅទីផ្សារ។

លោកបានថ្លែងថា ប្រសិទ្ធភាពសេដ្ឋកិច្ចនេះហើយ នឹងក្លាយជាចំណុចសំខាន់ ដែលនឹងផ្តល់ផលចំណេញដល់កសិករ វិស័យកសិកម្ម រួមនឹង CARDI ផងដែរ ដែលនឹងធ្វើឱ្យមាននិរន្តភាព។

លោកបន្ថែមថា និរន្តភាពមិនសំដៅតែទៅលើបច្ចេកទេសមួយចំនួនទេ និរន្តភាពធំបំផុតគឺនិរន្តភាពសេដ្ឋកិច្ច។ ឧបមារថា ពូជស្រូវមួយប្រភេទផលិតបានទិន្នផលច្រើន ក្នុងមួយហិកតា ប៉ុន្តែការដាំដុះត្រូវប្រើជី និងថ្លៃផលិតថ្លៃ ខណៈដែលប្រភេទស្រូវនោះ គេមិនចូលចិត្តហើយមានតម្លៃថោក តើផលិតមកធ្វើអ្វី។

លោកបានកត់សម្គាល់ថា បច្ចុប្បន្ននេះ ការផលិតពូជសម្រាប់ប្រើប្រាស់ក្នុងស្រុកមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដែលលោកជំរុញឱ្យCARDI ផលិតពូជឱ្យគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការទីផ្សារក្នុងតម្លៃសមរម្យ។ ជាមួយគ្នានេះ ក្រៅពីការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យបានគ្រប់គ្រាន់ លោកចង់ឱ្យសំឡឹងមើលទីផ្សារក្រៅស្រុកផងដែរ ដើម្បីនាំចេញពូជស្រូវទៅក្រៅប្រទេស បន្ថែមពីលើការនាំចេញអង្ករ និងស្រូវ ដើម្បីទទួលបានផលចំណេញ និងដើម្បីពង្រឹងលិទ្ធភាពសេដ្ឋកិច្ចរបស់ខ្លួន។

ជាមួយគ្នានេះ លោកជំរុញឱ្យ CARDI ត្រូវរស់ដោយខ្លួនឯង ដោយមិនពឹងផ្អែកលើថវិការបស់រដ្ឋ តាមរយៈការផលិតពូជស្រូវលក់ទៅឱ្យកសិករដោយផ្ទាល់ ប្រកួតប្រជែងជាមួយអ្នកផលិតពូជផ្សេងទៀត ក៏ដូចជាសហការជាមួយដៃគូបរទេស ក្នុងការនាំចេញពូជស្រូវទៅក្រៅប្រទេស៕