(អង់គ្លេស)៖ លោក Lord Hill ស្នងការសហភាពអឺរ៉ុប របស់ចក្រភពអង់គ្លេស (Britain's EU commissioner) ប្រកាសចុះចេញពីតំណែង បន្ទាប់ពីការប្រកាសលទ្ធផលជាផ្លូវការបានមួយថ្ងៃ នៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិច។

លោក Lord Hill បាននិយាយថា «អ្វីដែលបានធ្វើរួច មិនអាចធ្វើឡើងវិញបានទេ បន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប»

ការប្រកាសចុះចេញពីរបស់លោក Lord Hill នេះ ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron ប្រកាសចុះចេញពីតំណែងនៅខែតុលាខាងមុខនេះ។

នៅមុននេះបន្តិច សមាជិកស្ថាបនិករបស់សហភាពអឺរ៉ុប ដែលមានអាល្លឺម៉ង់ បារាំង និង អ៉ីតាលី ជាដើម បានជួបប្រជុំគ្នានៅទីក្រុងប៊ែរឡាំង ហើយនៅក្នុងនោះរដ្ឋមន្ត្រីការបរទេសបារាំងបានលើកឡើងថា ចក្រភពអង់គ្លេស ត្រូវតែយកមាត្រា៥០ ក្នុងសន្ធិសញ្ញាអឺរ៉ុបមកអនុវត្ត ហើយក្នុងនោះបានតម្រូវឲ្យ អង់គ្លេស ដកខ្លួនចេញពីសហភាពនេះជាបន្ទាន់ ដោយគ្មានការពន្យារពេលនោះឡើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នាល្ងាចថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០១៦៕