(ភ្នំពេញ)៖ ម៉ូតូម៉ាក Nex មួយគ្រឿង ត្រូវបានចោរមួយក្រុមធ្វើសកម្មភាពបាញ់ប្លន់ពីជនរងគ្រោះម្នាក់បានសម្រេច ដោយមិនរំខានដល់សមត្ថកិច្ច នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវកប់ស្រូវ ក្បែររង្វង់មូលគល់ស្ពានព្រែកព្នៅ ស្ថិតក្នុងក្រុម៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ប៉ុន្តែលុះព្រឹកឡើងជនរងគ្រោះប្រទះឃើញម៉ូតូរបស់ខ្លួន នៅកន្លែងប៉ះកង់ម៉ូតូទៅវិញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះប្រទះឃើញម៉ូតូរបស់ខ្លួនេះ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា​ ឆ្នាំ២០១៦ ចំណុចខាងកើតជាប់ហ្គ្រេនភ្នំពេញ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បន្ទាប់ពីបក្ខពួករបស់ក្រុមចោរម្នាក់ក្នុងចំណោម ៣នាក់ បានយកម៉ូតូមកប៉ះក៏ត្រូវជនរងគ្រោះប្រទះឃើញ ហើយឈានដល់ការប្រតាយប្រតប់គ្នា រហូតដល់ជនសង្ស័យបានដកកាំភ្លើងគំរាម ក្រោយមកបានរត់គេខ្លួនបាត់ស្រមោល។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះ ជនរងគ្រោះឈ្មោះ យុន ឆៃយ៉ា អាយុ២០ឆ្នាំ បានជិះម៉ូតូ១គ្រឿងម៉ាក Nex​ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​ 1CO-3698 ស៊េរី២០១៤ ជាមួយមិត្តភក្ដិផ្សេងទៀត ក្នុងគោលបំណងទៅទិញថ្នាំឲ្យម្ដាយឈឺ ស្រាប់តែជិះដល់ចំណុចកើតហេតុ បានជនសង្ស័យមួយក្រុមមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង ម៉ាក Honda Dream និង Nex ធ្វើសកម្មភាពយកដកសាំងមកគុបទៅលើជនរងគ្រោះបណ្ដាលឲ្យដួល ក្រោយមកបានដកកាំភ្លើងខ្លីមួយដើម បាញ់មួយគ្រាប់មកលើជនរងគ្រោះ តែសំណាងល្អមិនចំ បន្ទាប់មកក្រុមជនសង្ស័យបានលើកម៉ូតូជិះចេញដោយសុវត្ថិភាព ហើយថែមទាំងមិនរំខានដល់សមត្ថកិច្ចខណ្ឌឫស្សីកែវឡើយ។

បច្ចុប្បន្នម៉ូតូត្រូវបានជនរងគ្រោះ យកឯកសារមកផ្ទៀងផ្ទាត់ជាមួយសមត្ថកិច្ចប៉ុស្ដិ៍ស្វាយប៉ាក ដើម្បីយកទៅផ្ទះវិញ ហើយបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ច ជួយរកក្រុមជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕