(ប៉េកំាង)៖ កិច្ចប្រចាំឆ្នាំលើកទី១ នៃក្រុមប្រឹក្សាទេសាភិបាល ធនាគារវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank) ឬហៅកាត់ថា AIIB បានចាប់ផ្តើមហើយ​នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ គណៈប្រតិភូកម្ពុជាដែលចូល​រួមកិច្ចប្រជុំនេះ ដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅក្នុងសុន្ទរកថា ថ្លែងទៅកាន់កិច្ចប្រជុំប្រចាំឆ្នាំលើកដំបូងរបស់ធនាគារ AIIB នេះលោក វង្សី វិស្សុត បានលើកឡើងនូវគោលជំហររបស់កម្ពុជាចំនួន៤ចំណុច៖
១. កម្ពុជាគូសបញ្ជាក់អំពីសារៈសំខាន់​នៃធនាគារ AIIB ដែលនឹងដើរតួនាទីជាស្ថាប័ន​ហិរញ្ញវត្ថុថ្មី ប្រកបដោយនវានុវត្តន៍ ក្នុងផ្តល់​ហិរញ្ញប្បទាន ដល់ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់គាំទ្រដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និងវិបុលភាពនៅ​ក្នុងតំបន់អាស៊ី។
២. កម្ពុជាសូមស្វាមគមន៍នូវការរៀបចំយន្តការ សហហិរញ្ញប្បទានរវាង AIIB ជាមួយនឹងធនាគារអភិវឌ្ឍន៍ ពហុភាគី (MDBs) ផ្សេងទៀត ដើម្បីសម្របសម្រួល​កិច្ចការអភិវឌ្ឍន៍​នៅក្នុងតំបន់នៅ​ក្នុង​ចំណោម MDBs ទាំងអស់ឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែឆ្លើយតបចំតម្រូវការរបស់ប្រទេសសមាជិក ជាពិសេស នៅក្នុងខណៈដែលតំបន់កំពុងជួយប្រទះនូវបញ្ហាស្មុគស្មាញនានា ដូចជា បញ្ហា​ការប្រែប្រួលអាកាសធាតុ និងការថមថយកំណើន ព្រមទាំងអសមវិភាពនៃប្រាក់ចំណូល។ ប៉ុន្តែការរៀបចំនេះត្រូវឈលើគោលការណ៍ប្រសិទ្ធភាព, ភាពឆ្លើយតប និងភាពទន់ភ្លន់​ស្របទៅនឹង​បរិការណ៍​របស់ប្រទេសសមាជិក ជាពិសេសត្រូវគេចចេញឱ្យផុតពី​ស្ថានភាពការិយាល័យ​ធិបតេយ្យ និងនីតិវិធីស្មុគស្មាញ មិនចាំបាច់មួយចំនួន ដូចដែលប្រទេស​ជាអ្នកទទួលហិរញ្ញប្បទាន​កំពុង​ជួបប្រទះស្រាប់។

ជាមួយគ្នានេះ កម្ពុជាក៏សូមលើកទឹកចិត្តដល់ធនាគារ AIIB ក្នុងការជម្រុញការប្រើប្រាស់យន្តការសហប្រតិបត្តិការត្រីភាគី ក្នុងកិច្ចសហប្រតិបត្តិការខ្លួនជាមួយ MDBs ផេ្សងទៀត ដោយត្រូវចាត់ទុកប្រទេសអ្នក​ទទួលហិរញ្ញប្បទានថាជាដែគូស្មើភាព។ កម្ពុជាក៏សូមលើកទឹកចិត្តដល់ AIIB ក្នុងការគាំទ្រដល់កិច្ចប្រតិបត្តិការភាព​រវាងរដ្ឋនិងវិស័យឯកជន (PPP)។
៣.​ កម្ពុជាសូមស្នើធនាគារ AIIB ផ្តល់អាទិភាពខ្ពស់ដល់ការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍របស់ប្រទេសនៅក្នុងតំបន់។ ជាមួយគ្នានេះ កម្ពុជាក៏ចង់ឃើញការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញការតភ្ជាប់នៅក្នុងតំបន់ដែលផ្តល់អត្ថប្រយោជន៍ដោយស្មើភាពដល់ប្រទេសទាំងអស់ក្នុងតំបន់។
៤. កម្ពុជាអំពាវនាវឱ្យធនាគារ AIIB ផ្តល់ការយកចិត្តទុកដាក់ជាពិសេសចំពោះសមាជិកដែលជាក្រុមប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈការពិនិត្យលទ្ធភាព​ក្នុងការផ្តល់ឥណទាន​ដែលមានសម្បទាន​តម្រិតខ្ពស់ និងជំនួយបច្ចេកទេសនានា ហើយ AIIB គួត្រូវរៀបចំកិច្ចការចាំបាច់នានា ដើម្បីផ្តល់លទ្ធភាពដល់ប្រទេសសមាជិកដែលជាក្រុមប្រទេសកំពុងអភិវឌ្ឍន៍ អាចទទួលបានូវហិរញ្ញប្បទាន និងជំនួយបច្ចេកទេសទាំងនេះ សម្រាប់បម្រើឱ្យការអភិវឌ្ឍរបស់ប្រទេសខ្លួន ឱ្យបានឆាប់ តាមដែលអាចធ្វើបាន។

គួរបញ្ជាក់ថា កិច្ចប្រចាំឆ្នាំលើកទី១របស់ AIIB ប្រព្រឹត្តចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ នៅរដ្ឋធានីប៉េកាំង ដោយមានការចូលរួម​ពីប្រទេសជាហត្ថលេខី​នៃកិច្ចព្រមព្រៀងបង្កើត​ធនាគារ​នេះចំនួន៥៧ប្រទេស៕