(ពោធិ៍សាត់​)៖​ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដឹកនាំដោយ លោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភាមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ, លោកស្រី​ ហ៊ុន ចាន់ធី ប្រធានកិត្តិយស ព្រមទាំងសមាជិកាជាច្រើនរូបទៀត បានជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ទៅចែកជូនដល់គ្រួសារក្រីក្រខ្វះខាតស្បៀង២០គ្រួសារ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ នៅបរិវេណវត្តទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ។

លោកស្រី​ ហ៊ុន​ ចាន់ធី​ និងលោកស្រី ឯម​ ប៊ុណ្ណា បានលើកឡើងថា អំណោយជាគ្រឿងឧបភោគបរិភោក ដែលបានយកមកផ្តល់ជូននាពេលនេះ គឺជារបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ទោះជាអំណោយនេះមានតិចតួចក្តី ប៉ុន្តែក៏អាចជួយសម្រាលការលំបាក ក្នុងគ្រួសារបានមួយកម្រិត។

លោកស្រី បានបន្ដថា កន្លងមកសមាគមតែងតែផ្តោតការយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់បងប្អូននារី ទាំងការថែទាំសុខភាព ការផ្តល់កិច្ចការគាំពារ និងការជួយដោះស្រាយទុក្ខលំបាកផ្សេងៗទៀត ដល់ស្ត្រីទីទ័លក្រ និងស្រ្តីងាយរងគ្រោះនៅគ្រប់ទីកន្លែងទូទាំងខេត្ត ប្រការនេះហើយទើបធ្វើឲ្យប្រជាពលរដ្ឋគោរពស្រឡាញ គាំទ្រ និងជឿទំនុកចិត្ត ចំពោះគោលការណ៍ និងសកម្មភាពរបស់សមាគមនារីកម្ពុជា ដែលមានទេសរដ្ឋមន្ដ្រី ម៉ែន សំអន ជាប្រធាន។

លោកស្រី បានបន្ថែមថា សមាគមនារី បានពង្រឹង និងមានកិច្ចសហការក្នុងការស្វែងរកធនធាន ដើម្បីផ្គត់ផ្គង់សកម្មភាព និងធ្វើឲ្យមានឈ្មោះបោះសំឡេងក្នុងការងារសង្គម ទៅតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាឱកាសក្នុងការបញ្ជ្រាបចូលជ្រៅ ទៅក្នុងស្រទាប់មហាជន ពិសេសបងប្អូននារីនៅតាមមូលដ្ឋានក្នុងខេត្ត។

លោកស្រី បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ផ្តោតការយកចិត្តទុកដាក់អនុវត្តការងារ ជាពិសេសខិតខំជួយជម្រុញប្រជាពលរដ្ឋ គ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះ និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគម្រូថ្មី ដែលនៅសេសសល់ឲ្យបានគ្រប់ៗគ្នា បើមិនដូច្នេះទេ ពុំមានសិទ្ធិក្នុងការបោះឆ្នោតនោះឡើយ។

អំណោយផ្តល់ជូនគ្រួសារក្រីក្រខ្វះខាតស្បៀងទាំង​២០នាក់នោះ ក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី៦ដប ទឹកដោះគោប៉ូវឆ្អឹង១កំប៉ុង ទឹកបរិសុទ្ធអង្គរប៉ូរូ​១កេស​ ថ្នាំ​ និងច្រាសដុសធ្មេញ​១ឈុត ថ្នាំផ្តាសាយ​៥បន្ទះ សាប៊ូម្សៅ១កញ្ចប់ និងថវិកា៥ម៉ឺនរៀល ហើយក្រៅពីនោះក៏មានសប្បុរសជន បានជួយឧបត្ថម្ភថវិកាបន្ថែមមួយចំនួន ប្រកបដោយទឹកចិត្តជ្រះថ្លា។

ជាមួយគ្នានោះ ប្រតិភូសាខាសមាគមនារី ក៏បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនដល់លំនៅដ្ឋានបុរសឈ្មោះ ខឹត ឃឿន អាយុ៤៨ឆ្នាំ រស់នៅភូមិភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ដែលមានជំងឺប្រចាំកាយគ្មានជំរកសមរម្យ ប្រពន្ធស្លាប់មានកូន ក្នុងបន្ទុក២នាក់ផងដែរ៕