(ប៊ែកឡាំង)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅមុននេះបន្តិចបានឲ្យដឹងថា អធិការបតី​អាល្លឺម៉ង់ លោកស្រី Angela Merkel បានសម្ដែង «ការសោកស្ដាយយ៉ាងខ្លាំងបំផុត» បន្ទាប់ពីចក្រភព​អង់គ្លេស​សម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប (EU)។

ជាមួយគ្នានោះផងដែរថា លោកស្រីអធិការបតី បានប្រកាសឲ្យដឹងថា លោកស្រីនឹង​ជួបប្រជុំជាមួយលោក Donald Tusk ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប, លោកប្រធានាធិបតីបារាំងលោក Francois Hollande និង​លោក Matteo Renzi នាយករដ្ឋមន្ត្រីអ៉ីតាលី នៅក្នុងទីក្រុងប៊ែកឡាំង នាថ្ងៃចន្ទសប្តាហ៍ក្រោយ។

ដោយឡែក លោក Donald Tusk ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ក៏បានលើកឡើងផងដែរថា អង់គ្លេស​គួរ​តែរៀបចំការចាកចេញរបស់ខ្លួនពី EU ឲ្យបានចាប់រហ័សបំផុត តាមតែអាចធ្វើទៅបាន។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃនេះចក្រភពអង់គ្លេស បានធ្វើការបោះឆ្នោតប្រជាមតិទៅលើការចាកចេញ ឬបន្ត​នៅ​ក្នុងសហភាពអឺរ៉ុប ដោយជាលទ្ធផលគឺសំឡេងឆ្នោត​គាំទ្រការចាកចេញ​ទទួលបានសំឡេងច្រើន ហើយក្រោយ​ពីប្រកាសចាកចេញពី EU ជាផ្លូវការភ្លាម លោក David Cameron ក៏បានប្រកាសលាលែងពីតំណែង​នាយករដ្ឋមន្ត្រីអង់គ្លេសភ្លាមៗផងដែរ៕