(ក្រុងឡុងដ៍)៖ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ជាប្រវត្តិសាស្រ្តថ្មីសម្រាប់ចក្រភពអង់គ្លេស (Great Britain) ដែលប្រជា ជននៃប្រទេសនេះ បានសម្រេចបោះឆ្នោតដើរចេញពីសហភាពអឺរ៉ុប (European Union) ក្រោមសំឡេងគាំទ្រ ៥១.៩% ទល់នឹង៤៨.១% ដែលអាចបណ្តាល ឲ្យវិស័យកីឡាបាល់ទាត់ដ៏ល្បី ទទួលរងផលប៉ះពាល់ផងដែរមានដូចខាងក្រោម៖

១៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស អាចប្រឈមមិនឲ្យលេងក្នុងព្រឹត្តិការណ៍ពានរង្វាន់ UEFA Euro ដែលពាននេះត្រូវបានបង្កើតឡើង គឺដើម្បីតែប្រទេសស្ថិតក្នុងសហគមន៍អឺរ៉ុបតែប៉ុណ្ណោះ បើទោះបីជាប្រទេសអង់គ្លេសស្ថិតក្នុង ទ្វីបអឺរ៉ុបក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Telegraph នៅថ្ងៃទី២៤ ខែមិថុនានេះ។

តែយ៉ាងណាក៏ដោយ ប្រភពខាងលើមិនបានបញ្ជាក់ច្បាស់ពីស្ថាប័នគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA នៅឡើយទេ ខណៈដែលមន្រ្តីនៃសហព័ន្ធនេះ កំពុងតែមមាញឹកក្នុងការរៀប​ចំប្រកួត​បាល់​ទាត់ Euro 2016 នៅប្រទេសបារាំង តែ Telegraph ឲ្យដឹងទៀតថា សម្រាប់លិខិតឆ្លងដែន ដែលប្រើប្រាស់ ដើម្បីឆ្លងដែនទៅកាន់ប្រទេសអឺរ៉ុបដូចគ្នា ក៏ត្រូវបាន កាត់ផ្តាច់ដោយស្វ័យប្រវត្តិផងដែរ។

២៖ តែសម្រាប់ BBC ក៏បានធ្វើការដកស្រង់របាយការណ៍របស់នាយកប្រតិបត្តិក្របខណ្ឌបាល់ទាត់ Premier League លោក Richard Scudamore បានឲ្យដឹងថា «កីឡា នៅដាច់ដោយ​ឡែកពី​នយោបាយ តែអ្វីដែលអាចប្រឈមនោះ គឺសិទ្ធិនៃការផ្សាយបន្តផ្ទាល់ដែល Premier League រកចំណួលបានចំនួន ៣.៣ពាន់លានផោនក្នុង១ឆ្នាំៗ ដែលស្ថិត ក្នុងការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល»។

តែសម្រាប់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស FA ក៏បានលើកឡើងពីផលលំបាក ចំពោះកីឡាករបរទេស ជាពិសេសកីឡាករមកពីប្រទេសស្ថិតក្នុង EU ទាក់ទងទៅនឹង VISA របស់ពួកគេក្នុង​ការលេង​ឲ្យ​ក្លឹប​អាជីពនៅអង់គ្លេស ហើយលើសពីនេះទៀត សម្រាប់អ្នកគាំទ្ររបស់អង់គ្លេស ក៏មានការលំបាកក្នុងការចេញ ចូលដោយសេរីដូចពេលមុនទៀតហើយ ក្នុងការទៅគាំទ្រក្លឹប​របស់ខ្លួនទៅ​ប្រកួតក្រៅ​ដីក្នុងក្របខណ្ឌ Champions League៕