(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងកម្មវិធីបិទ ការបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម​ រាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និងសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥។

ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យជន និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលសមាជិកជ្រើសតាំង ក្នុងអាណត្តិ និងអាណត្តិថ្មី។

លោក ប៉ាន សូរស័ក្តិ បានថ្លែងថា កិច្ចដំណើរការរៀបចំ ការបោះឆ្នោតសភាពាណិជ្ជកម្ម រាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និងសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ដែលមានក្រសួងពាណិជ្ជកម្ម ជាគណៈកម្មការរៀបចំការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយរលូន តម្លាភាព សុក្រឹត្យភាព គណនេយ្យភាព និងទទួលបានជោគជ័យប្រកបដោយផ្លែផ្កា។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានចូលរួមអបអរសាទរដល់ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ចំនួន ២៦រូប ដែលបានជាប់ឆ្នោត ជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម រាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ ដែលមានអ្នកចូលរួមបោះឆ្នោតទាំង៤ ប្រភេទអាជីវកម្ម សរុបចំនួន៦៩៥នាក់ ស្មើនឹង៧៦ភាគរយ នៃបញ្ជីឈ្មោះអ្នកបោះឆ្នោត សរុបចំនួន៩០៩នាក់។

លោក ប៉ាន សូរស័ក្តិ ក៏ចូលរូមអបអរសាទរដល់អ្នកឧកញ៉ា គិត ម៉េង ដែលទទួលបានសេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើស ជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និងទទួលបានសេចក្តីទុកចិត្តបោះឆ្នោត ពីប្រធានសភាពាណិជ្ជកម្មរាធានី-ខេត្ត ជ្រើសរើសជាប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥។

លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ ចំពោះសភាពាណិជ្ជកម្មកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការលើកកំពស់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើធុរកិច្ចក្នុងប្រទេស និងការទាក់ទាញវិនិយោគគិន ពីក្រៅប្រទេស។

ទន្ទឹមគ្នានេះ លោក ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍មួយចំនួន ដល់សភាពាណិជ្ជកម្មកម្ពុជា ឲ្យមានឆន្ទៈខ្ពស់ និងមានសាមគ្គីភាព នៅក្នុងការបំពេញការងារប្រកប ដោយការទទួលខុសត្រូវខ្ពស់ និងបន្តសហការ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។

លោកប្រាប់ឲ្យបន្តបេសកកម្ម ការធ្វើធុរកិច្ចទាំងក្នុង និងក្រៅប្រទេស ទាក់ទាញវិនិយោគិនបរទេសឲ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ដើម្បីលើកស្ទួយការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ស្របតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការឈានទៅរកចំណាត់ថ្នាក់ប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងចំណាត់ថ្នាក់ប្រទេស ដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ក្នុងឱកាសនោះផងដែរ លោក ឃួង ស្រេង ក៏បានផ្ដាំផ្ញើដល់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា អាណត្ដិទី៥ ត្រូវបន្ដយកចិត្ដទុកដាក់ ផ្ដល់កិច្ចសហការល្អ ក្នុងភាពជាដៃគូជាមួយនឹងវិស័យរដ្ឋ ដូចខាងក្រោម៖

ទី១៖ សភាពាណិជ្ជកម្ម ត្រូវបន្ដរួមផ្សព្វផ្សាយគោលនយោបាយ និងសមទ្ធិផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងសហការីក្រោមឱវាទ រួមទាំងដៃគូ ទាំងក្នុង និងក្រៅប្រទេស ជាពិសេសត្រូវបន្ដចូលរួម ជាមួយនឹងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ដើម្បីការពារសន្ដិភាព ស្ថេរភាព និងសណ្ដាប់ធ្នាប់សាធារណៈ។

ទី២៖ សភាពាណិជ្ជកម្ម ត្រូវយកចិត្ដទុកដាក់អនុវត្ដកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ទី៣៖ សភាពាណិជ្ជកម្ម ត្រូវពង្រីកលទ្ធភាព និងបង្ការការចូលរួមក្នុងសកម្មភាពសង្គម ដែលត្រូវសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ទាំងសាខាកាកបាទក្រហមរាជធានីភ្នំពេញ និងផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតក្រីក្រ, ផ្ដល់សេវាសង្គម ដល់ជនរងគ្រោះ និងជនងាយរងគ្រោះ។

ទី៤៖ សភាពាណិជ្ជកម្ម ត្រូវបន្ដចូលរួមប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដូចអ្វីដែលយើងបានរួមគ្នាអនុវត្ដដ៏ល្អ នាពេលកន្លងមក ជាពិសេសជំរុញបុគ្គលិក កម្មករ និយោជិក រួសរាន់ទៅទទួលវ៉ាក់សាំង និងនាំកូនចៅ សាច់ញាតិ ទៅទទួលដួសជំរុញ ឲ្យបានគ្រប់ៗគ្នា៕