(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន លោកឧកញ៉ា គង់ សាង ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងសហការី បានប្រគល់វិភាគទាននូវថវិកាចំនួន ២៤០.០០០ ដុល្លារ ជូនដល់អាជ្ញាធរមីន ដែលបានមកពីរៃអង្គាសថវិកាពីបណ្តារោងចក្រផ្សេងៗដែលជាសមាជិកនៃសមាគម TAFTAC នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

លោកឧកញ៉ា គង់ សាង បានលើកឡើងថា វិភាគទាននេះ នឹងរួមចំណែកបន្ថែមទៀតក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជាពិសេសសម្រេចបាននូវទស្សនវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺកម្ពុជាគ្មានមីនឆ្នាំ២០២៥ ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។ លោកឧកញ៉ា បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់អាជ្ញាធរមីន ក្នុងការងារសម្របសម្រួលសកម្មភាពមីននៅកម្ពុជា និងបានសម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់រយៈពេល ៣០ឆ្នាំនេះ។

ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឆន្ទះនៃការរួមចំណែកប្រកបដ៏សប្បុរស ក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម នៅកម្ពុជា របស់សមាគម TAFTAC សហការី និងបណ្តារោងចក្រផ្សេងៗដែលជាសមាជិក ហើយកាយវិការដ៏សប្បុរស ពិតជាមិនអាចបំភ្លេចបានសម្រាប់ប្រជាជនដែលកំពុងបន្តរស់នៅ តំបន់មានការគម្រាមដោយសារមីនប្រមាណជាង ១លាននាក់។

លោកទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសមាគម TAFTAC ដែលជាស្ថាប័នឯកជនមួយចូលរួមជួយដល់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ បង្កើតនូវឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ លើកកម្ពស់ជីវភាពរស់នៅ និងបានកសាងនូវសមត្ថភាពវិជ្ជាជីវៈជូនប្រជាពលរដ្ឋខ្មែរ ផងដែរ។

លោកបន្តទៀតថា វិភាគទាននេះ អាជ្ញាធរមីន នឹងយកទៅប្រើប្រាស់ដើម្បីធ្វើការបោសសម្អាតមីននៅស្រុកគិរីសាគរ ខេត្តកោះកុង ជាពិសេសនឹងប្រែក្លាយកោះស្តេចដែលកំពុងរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ទៅជាតំបន់ទេសចរណ៍ប្រកបដោយសុវត្ថិភាព។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ខេត្តកោះកុង នៅសល់ផ្ទៃដីមានមីន ជាង ២៣ គីឡូម៉ែត្រក្រឡា ស្មើនឹង ៣៦៣ ចម្ការមីន ហើយនឹងអាចប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ២០២៥ ក្រោមការគាំទ្រពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងនោះក៏មានការចូលរួមពីសមាគម TAFTAC ផងដែរ។

ជាមួយគ្នានេះផងដែរ អាជ្ញាធរមីន និង សមាគម TAFTAC ក៏បានចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចសហការ និងការគាំទ្រដល់ប្រជាពលរដ្ឋពិការនិងងាយរងគ្រោះ ដែលក្នុងនោះវិទ្យាស្ថានបណ្តុះបណ្តាល វិស័យកាត់ដេរកម្ពុជា (CGTI) នៃសមាគម TAFTAC នឹងគាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ប្រជាពលរដ្ឋពិការ និងងាយរងគ្រោះ ដើម្បីឲ្យពួកគាត់ទទួលបាននូវសមត្ថភាពគ្រប់គ្រាន់ អាចបម្រើការងារនៅតាមបណ្តារោងចក្រផ្សេងៗដែលជាសមាជិកនៃសមាគម TAFTAC។

លោកឧកញ៉ា គង់ សាង បានគូសបញ្ជាក់ថា អនុស្សារណៈនៃការយោគយល់គ្នា បានបង្ហាញអំពីភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនដ៏មានសារសំខាន់ក្នុងការចូលរួមសម្រាលបន្ទុកសង្គមផង និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចផង៕